ក្រសួងការបរទេសបញ្ជាក់ថា កិច្ចព្រមព្រៀងកម្ពុជា-អាមេរិក ស្តីពីការបញ្ជូនពលរដ្ឋខ្មែរមកកាន់មាតុភូមិវិញ នៅតែបន្ត, គ្មានការបញ្ឈប់ទេ
FN ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ជុំ សុន្ទរី បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះថា កិច្ចព្រមព្រៀងរវាងកម្ពុជា និងសហរដ្ឋអាមេរិក ស្តីពីការបញ្ជូនពលរដ្ឋខ្មែរមកកាន់មាតុប្រទេសវិញនោះ នឹងនៅតែបន្ត ដោយពុំមានការបញ្ឈប់នោះឡើយ។ ការបញ្ជាក់យ៉ាងច្បាស់លាស់របស់ អ្នកនាំពាក្យក្រសួងការបរទេស បានធ្វើឡើងបន្ទាប់ពីមាន សារព័ត៌មានមួយចំនួន បានផ្សព្វផ្សាយថា កម្ពុជាបានសម្រេចបញ្ឈប់កិច្ចព្រមព្រៀង (MOU) ជាមួយនឹងសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការបញ្ជូនពលរដ្ឋខ្មែរពីសហរដ្ឋអាមេរិក មកកាន់ប្រទេសកម្ពុជា។ ព័ត៌មាននេះ បានអះអាងឡើង ក្រោយជំនួបរវាងលោក Patrick Murphy ឧបការីរងរដ្ឋមន្រ្តីការបរទេស អាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ជាមួយ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា នៅរសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧។ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានបដិសេធនូវព័ត៌មាននេះ។ លោកបានចាត់ទុកថា ការផ្សព្វផ្សាយនេះ គឺជាចុះផ្សាយខុសពីការពិត ដែលនាំឱ្យប៉ះពាល់ដល់ទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិក។…