ព្រឹកនេះកម្ពុជា ចុះហត្ថលេខាទទួលជំនួយជប៉ុន ៣៥លានដុល្លារសម្រាប់សងសង់ស្ពាន និងផ្លូវ នៅតំបន់រងគ្រោះដោយទឹកជំនន់
FN ៖ រាជរដ្ឋាភិបាលកម្ពុជា បានទទួលជំនួយឥតសំណងប្រមាណ ៣៥លានដុល្លារអាមេរិក ពីរាជរដ្ឋាភិបាលជប៉ុន សម្រាប់សាងសង់ស្ពាន និងផ្លូវនៅតំបន់រងគ្រោះដោយសារទឹកជំនន់ក្នុងខេត្តក្រចេះ និងព្រៃវែង។ ពិធីចុះហត្ថលេខាទទួល និងផ្តល់ជំនួយនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧នេះ រវាងលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ និង លោក រីណូអ៊ុជី ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។ តាមរយៈជំនួយខាងលើនេះ ស្ពានចំនួន៥ នៅលើផ្លូវជាតិលេខ៧៣ ក្នុងខេត្តក្រចេះ និងស្ពានចំនួន ២ទៀត នៅលើផ្លូវជាតិលេខ១១ នៅក្នុងខេត្តព្រៃវែង នឹងត្រូវបានសាងសង់សម្រាប់ ជំនួសស្ពានកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន ដើម្បីពង្រីកសមត្ថភាពដឹកជញ្ជូននៅតាមបណ្ដោយផ្លូវជាតិទាំងពីរនេះ។ ទាំងលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និងលោកឯកអគ្គរាជទូតជប៉ុន សុទ្ធតែមានសុទិដ្ឋិនិយមថា ជំនួយនេះនឹងជួយជួយបង្កើនសមត្ថភាពនៃការដឹកជញ្ជូន កាត់បន្ថយពេលវេលា និងលុយកាក់ធ្វើដំណើរ និងដឹកជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋ។ ជាពិសេសជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅតាមតំបន់ងាយរងគ្រោះដោយទឹកជំនន់។ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់ជំនួយជាបន្តបន្ទាប់ដល់ប្រទេសកម្ពុជា។ ប្រមុខការទូតកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះ «ជំនួយដែលបានផ្តល់តាមរយៈការចុះហត្ថលេខានៅថ្ងៃនេះ និងជំនួយជាច្រើនដែលបានរដ្ឋាភិបាល…