FN ៖ ដើម្បីជួយប្រទេសកម្ពុជា និងប្រទេសថៃ គ្រប់គ្រងបឹងទន្លេសាប និងអាងទន្លេ សុងក្លា ឲ្យមានភាពល្អប្រសើរ ក្រុមការងារទ្វេភាគីមកពីប្រទេសទំាងពីរ កំពុងរួមគ្នាបញ្ចប់របាយការណ៍សំខាន់ៗចំនួន២ អំពីបទពិសោធន៍នៃការរៀនសូត្រ និងអនុសាសន៍គោលនយោបាយ សម្រាប់ឆ្លើយតបទៅនឹងការគំរាមកំហែងចម្បងៗ ដែលបឹងទាំងពីរកំពុងប្រឈម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គណៈកម្មការទន្លេមេគង្គ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ដែលចេញផ្សាយនោះថ្ងែនេះ។
សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា របាយការណ៍មួយ ក្នុងចំណោមរបាយការណ៍ទាំងពីរ នឹងចងក្រងមេរៀនដែលទទួលបានពីសកម្មភាពអនុវត្តរួមគ្នាក្នុងគម្រោងនេះ ដូចជាបទពិសោធន៍ដែលបានពីដំណើរទស្សនកិច្ចសិក្សា និងការផលិតព័ត៌មានជាវីដេអូ សម្រាប់ចែករំលែកចំណេះដឹង និងដំណោះស្រាយនៅថ្នាក់មូលដ្ឋាន ដើម្បីស្តារឡើងវិញនូវបរិមាណត្រី ត្រៀមរៀបចំសហគមន៍ទប់ទល់មហន្តរាយធម្មជាតិ ដូចជា គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ដែលកើតឡើងដោយសារការប្រែប្រួលអាកាសធាតុ និងផ្តល់សិទ្ធិអំណាចឱ្យស្ត្រីអាចចូលរួមក្នុងសកម្មភាពរកចំណូល។
របាយការណ៍មួយទៀត បង្ហាញពីសកម្មភាពចិញ្ចឹមជីវិតរបស់សហគមន៍តាមដងទន្លេ និរន្តរភាពនៃធនធានក្នុងបឹង និងប្រព័ន្ធគ្រប់គ្រងបឹង ក្នុងគោលបំណងចងក្រងអនុសាសន៍ដែលរដ្ឋាភិបាលរបស់ប្រទេសទាំងពីរអាចយកទៅអនុវត្ត ដើម្បីធ្វើឱ្យការងារគ្រប់គ្រងបឹងអាចធ្វើទៅបានកាន់តែប្រសើរជាងមុន។
របាយការណ៍ទាំងពីរត្រូវបានរៀបចំឡើង ក្រោមគម្រោងកិច្ចសហប្រតិបត្តិការវាងបឹងទន្លេសាប និងបឹងសុងក្លា ក្រោមការផ្តល់មូលនិធិរបស់ធនគារពិភពលោក តាមរយៈគម្រោងគ្រប់គ្រងធនធានទឹកចម្រុះនៃគណៈកម្មការទន្លេមេគង្គ។ គម្រោងនេះគោលបំណងលើកកម្ពស់ស្ថានភាពបឹង តាមរយៈការគ្រប់គ្រងតាមសហគមន៍។
ក្នុងកិច្ចប្រជុំ នៅខេត្តសៀមរាប កាលពីថ្ងៃទី ពាក់កណ្តាល ខែ កុម្ភៈ ក្រុមការងារគម្រោងទ្វេភាគី បានផ្តោះប្តូរគំនិតយោបល់ជាច្រើន ដើម្បីបញ្ចប់របាយការណ៍ស្តីពីបទពិសោធន៍ និងការរៀនសូត្រពីគ្នាទៅវិញទៅមកក្នុងការគ្រប់គ្រងបឹង ហើយក៏បានពិភាក្សាពីខ្លឹមសារនៃឯកសារស្តីពីអនុសាសន៍គោលនយោបាយផងដែរ។ លើសពីនេះ ក្រុមការងារក៏បានចុះទៅកាន់សហគមន៍ព្រែកទ័ល ក្នុងបឹងទន្លេសាប ដើម្បីស្វែងយល់ពីប្រព័ន្ធបរិស្ថានពិសេសរបស់បឹងនេះ។
លោក ស៊ិន វិសិដ្ឋ ប្រធាននាយកដ្ឋានត្រូតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស នៃអាជ្ញាធរទន្លេសាបរបស់កម្ពុជា បានថ្លែងថា «ការចងក្រងទុកជាឯកសារនូវអ្វីដែលយើងបានរៀនសូត្រពីគ្នាទៅវិញទៅមក មានសារៈសំខាន់យ៉ាងខ្លាំង ដើម្បីយកទៅរផ្សព្វផ្សាយដល់សហគមន៍ និងអ្នកពាក់ព័ន្ធនានា ដើម្បីអំពាវនាវឱ្យពួកគេផ្តល់ការគាំទ្រ និងអនុវត្តអន្តរាគមន៍ ការពារធនធានក្នុងបឹង»។
បឹងទន្លេសាប គឺជាបឹងទឹកសាបធំជាងគេ នៅអាស៊ីអាគ្នេយ៍ ដែលជាផ្តល់នូវធនធានសម្បូរបែប សម្រាប់សកម្មភាពចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ ដូចជា កសិកម្ម នេសាទ និងទេសចរណ៍ ជាដើម។ ស្រដៀងគ្នានេះដែរ បឹងសុងក្លា គឺជាបឹងធម្មជាតិតែមួយគត់ នៅភាគខាងត្បូងនៃប្រទេសថៃ។ បឹងនេះមានឈ្មោះល្បីល្បាញ ដោយសារតែសហគមន៍មូលដ្ឋានមានការតាំងចិត្តខ្ពស់ ក្នុងការគ្រប់គ្រងបឹង។
តាមរយៈគម្រោងគម្រោងកិច្ចសហប្រតិបត្តិការវាងបឹងទន្លេសាប និងបឹងសុងក្លា ដែលចាប់ផ្តើមក្នុងឆ្នាំ ២០១៣ ក្រុមការងារបានពិនិត្យឡើងវិញលើឯកសារពាក់ព័ន្ធ ចុះសិក្សាតាមមូលដ្ឋានរបស់ប្រទេសទំាងពីរ ដើម្បីកំណត់ពីបញ្ហាដែលពួកគេចង់ស្វែងយល់ និងផលិតវីដេអូព័ត៌មាន ដើម្បីបង្កើនការយល់ដឹងអំពីបញ្ហាប្រឈម និងដំណោះស្រាយរួម។ កិច្ចខិតខំប្រឹងប្រែងទ្វេភាគីនេះ គឺជាមូលដ្ឋាន សម្រាប់ការរៀបចំរបាយការណ៍ទាំងពីរនេះ។
របាយការណ៍ទាំងពីរគ្រោងនឹងចេញផ្សាយ នៅពាក់កណ្តាលឆ្នាំ ២០១៨ បន្ទាប់ពីការបិទបញ្ចប់គម្រោងនេះ។ អនុសាសន៍សំខាន់ៗ ក្នុងរបាយការណ៍ចុងក្រោយ នឹងត្រូវដាក់បញ្ចូលទៅក្នុងផែនការអភិវឌ្ឍន៍ជាតិ ដើម្បីលើកកម្ពស់ស្ថានភាពរបស់បឹង៕