សម្តេចតេជោ ហ៊ុន សែន ទាត់ចោលឯកសារក្លែងក្លាយដែលចែកចាយលើបណ្តាញទំនាក់ទំនងសង្គម អំពីផែនការកាត់បន្ថយក្រសួងរបស់រាជរដ្ឋាភិបាល
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ប្រាប់ក្នុងកិច្ចសម្ភាសន៍ជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩នេះថា សម្តេចសូមប្រកាសទាត់ចោលឯកសារក្លែងក្លាយមួយ ដែលបានចែកចាយលើបណ្តាញទំនាក់ទំនងសង្គមថា រាជរដ្ឋាភិបាល មានផែនការកាត់បន្ថយក្រសួងទាំងអស់ មកត្រឹមចំនួន១៦ក្រសួង ហើយសម្តេចតេជោបានចាត់ទុកថា ការបង្កើតឯកសារក្លែងក្លាយនេះជាផែនការដ៏អាក្រក់របស់ជនទុច្ចរិត ដែលមានបំណងចង់បំផ្លាញទំនុកចិត្តលើប្រព័ន្ធការងាររបស់រាជរដ្ឋាភិបាល។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖«ឯកសារនេះ គឺជាឯកសារក្លែងក្លាយសុទ្ធសាធ និងជាផែនការដ៏អាក្រក់មួយដើម្បីបំផ្លាញទំនុកចិត្តលើមន្រ្តី និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដូច្នេះសូមប្រកាសទាត់ចោលទាំងស្រុងនូវឯកសារក្លែងមួយនេះ»។ សូមជំរាបថា ឯកសារក្លែងមួយនេះត្រូវបានឃើញគេចែកចាយតៗគេនៅលើបណ្តាញទំនាក់ទំនងសង្គម Facebook និង Telegram កាលម្សិលមិញ និងថ្ងៃនេះ ហើយឯកសារក្លែងនេះក៏ត្រូវបានគេបង្កើតឡើង បន្ទាប់សម្តេចតេជោ ហ៊ុន សែន ក្នុងវេទិកាជួបជាមួយកម្មករ នៅខេត្តកំពត បានប្រកាសថា នៅថ្ងៃខាងមុខការិយាល័យ ឬមន្ទីររបស់ក្រសួងមួយចំនួននៅតាមស្រុកនឹងត្រូវលុបចោល គឺទុកតែការិយាល័យប្រតិបត្តិការកងទ័ព នគរបាល សុខាភិបាល អប់រំ និងរៀបចំដែនដីតែប៉ុណ្ណោះ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងកាត់បន្ថយលើការចំណាយថវិកាជាតិ៕