ដកស្រង់សារជាសម្លេង អំពី ការប្រកាសបិទបញ្ចប់ “ព្រឹត្តិការណ៍ ២០ កុម្ភៈ”
សូមក្រាបថ្វាយបង្គំ សម្ដេចព្រះសង្ឃរាជ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំមានកិត្តិយសដើម្បីទូលប្រគេន និងជម្រាបជូនចំពោះព្រះសង្ឃគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិឲ្យបានជ្រាបថា ខ្ញុំព្រះករុណាខ្ញុំសម្រេចបិទបញ្ចប់ព្រឹត្ដិការណ៍ ២០ កុម្ភៈ ដែលយើងចាប់ផ្ដើមជាព្រឹត្តិការណ៍សោកនាដកម្មសម្រាប់ប្រទេសយើង ដោយសារកូវីដ–១៩ ដោយចាប់ផ្ដើមពីថ្ងៃទី ២០ កុម្ភៈ ដល់ថ្ងៃ ២០ ខែធ្នូ (ដែល)មានរយៈពេល ១០ ខែ ដែលធ្វើឲ្យប្រជាជនរបស់យើងឆ្លងជំងឺកូវីដ–១៩ ចំនួន ១២៤,០២៣ នាក់ និងបាត់បង់ជីវិត ៣,០០៥ នាក់។ ថ្ងៃនេះ ជាលើកដំបូងក្នុងរយៈពេល ១០ ខែ ដែលព្រះរាជាណាចក្រកម្ពុជារបស់យើងមិនមានមនុស្សស្លាប់ ហើយអត្រាឆ្លងនេះទៀតសោតក៏មានត្រឹមតែ ៧ នាក់ប៉ុណ្ណោះ។ ការចាប់ផ្ដើមរបស់យើងជាមួយនឹងការលំបាកដ៏ធំ ដែលធ្វើឲ្យប្រជាជនរបស់យើងក្នុងមួយថ្ងៃឆ្លងរាប់រយនាក់ និងមានស្លាប់រាប់សិបនាក់។ យើងបានចាប់ផ្ដើមឡើងជាមួយនឹងជាង ១,០០០ នាក់ ចំនួន ពីរថ្ងៃ ហើយយើងចាប់ចុះមកនៅ បី លេខ (បីខ្ទង់) បន្ដចុះមកនៅពីរខ្ទង់ ចុងក្រោយនេះ នៅសល់តែមួយលេខ គឺក្រោម ១០ នាក់…