អគ្គនាយកធនាគារ Maruhan ជប៉ុន ប្រាប់សម្ដេចតេជោ ហ៊ុន សែន ថា ក្រុមហ៊ុនជប៉ុននៅតែមានទំនុកចិត្ត រកស៊ីបណ្ដាក់ទុននៅកម្ពុជា
FN ៖ ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ អគ្គនាយកធនាគារ Maruhan ជប៉ុន លោក ហា ថាងវ៉ូ បានប្រាប់សម្ដេចតេជោ ហ៊ុន សែន ថា ក្រុមហ៊ុនជប៉ុននៅតែមានទំនុកចិត្ត រកស៊ីបណ្ដាក់ទុននៅកម្ពុជា ព្រោះមានក្រុមហ៊ុនជាច្រើន បានរីកចម្រើនរួចមកហើយ។ បើតាមអគ្គនាយកធនាគាររូបនេះ ក្រុមហ៊ុនជប៉ុន កាន់តែមានការកើនឡើង ហើយពេលនេះមិនតិចជាង២៥០ក្រុមហ៊ុនទេ ដោយក្នុងពេលនេះដែរ លោករំពឹងថា នឹងមានកាន់តែច្រើនថែមទៀតនៅខាងមុខ ហើយក្រុមហ៊ុនរបស់លោកក៏បានចូលរួម ក្នុងកិច្ចការសង្គមយ៉ាងសកម្មផងដែរ ពិសេសលើវិស័យកីឡា។ នេះបើតាមលោក កៅ គឹមហួន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន។ ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការរីកចម្រើនរបស់កម្ពុជា គឺដោយសារនយោបាយរបស់កម្ពុជា ពិសេសការបើកចំហរ គ្រប់វិស័យនៃសេដ្ឋកិច្ចជាតិ រួមទាំងការអនុញ្ញាតឲ្យវិនិយោគិនបរទេស អាចមកវិនិយោគផ្ទាល់១០០ភាគរយនៅកម្ពុជា ដោយសម្ដេចស្នើឲ្យលោក ហាន ថាងវ៉ូ បន្តវិនិយោគនៅកម្ពុជា ពិសេសឲ្យបន្តចូលរួមក្នុងវិស័យសង្គម និងកីឡា…