សម្ដេចពិជ័យសេនា ទៀ បាញ់៖ រយៈពេលជិត១២ឆ្នាំមកនេះ ទ័ពមួកខៀវកម្ពុជាជិត៥,០០០នាក់ ត្រូវបានបញ្ជូនទៅប្រទេសមួយចំនួន លើពិភពលោក ក្រោមឆត្រអង្គការសហប្រជាជាតិ
FN ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានថ្លែងថា ក្នុងរយៈពេលជិត១២ឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនកម្លាំងរក្សាសន្ដិភាពជិត៥,០០០នាក់ ទៅកាន់ប្រទេសមួយចំនួនលើពិភពលោក ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ នៅតំបន់អាហ្វ្រិក មជ្ឈឹមបូព៌ា និងអឺរ៉ុប។ ការថ្លែងបែបនេះ របស់សម្ដេច ទៀ បាញ់ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីជូនដំណើរកងវិស្វកម្មលេខ៩៦៣ ទៅប្ដូរវេនកងវិស្វកម្មលេខ៣៦៩ ដែលបញ្ចប់បេសកកម្មរក្សាសន្ដិភាព របស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋលីបង់ និងកងវិស្វកម្មលេខ៤៥៩ បញ្ចប់បេសកកម្មនៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល។ ប្រមុខដឹកនាំក្រសួងការពារជាតិ បានលើកឡើងទៀតថា នេះជាសមិទ្ធិផលថ្មីមួយថែមទៀត លើសមិទ្ធិផលជាច្រើនដែលកម្ពុជាសម្រេចបាន លើការងារបញ្ជូនកម្លាំងទៅចូលរួមបេសកកម្មរក្សាសន្ដិភាព របស់អង្គការសហប្រជាជាតិ ក្នុងការរួមវិភាគទានដល់កិច្ចប្រឹងប្រែងរបស់សហគមន៍អន្ដរជាតិ ដើម្បីបុព្វហេតុ សន្ដិភាព សន្ដិសុខ និងមនុស្សធម៌លើពិភពលោក។ បើតាមសម្ដេច ទៀ បាញ់ សមិទ្ធិផលនេះ បានបង្ហាញឲ្យឃើញពីសមត្ថភាព បទពិសោធន៍ការងារប្រកបដោយវិជ្ជាជីវៈ ក្នុងការបំពេញបេសកកម្មរបស់កងយោធពលខេមរភូមិន្ទ ដែលជានិច្ចកាលមន្ដ្រីតំណាងអង្គការសហប្រជាជាតិ តែងតែវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះសេចក្ដីក្លាហាន វិជ្ជាជីវៈ ភាពប៉ិនប្រសប់ វិន័យល្អ…