សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី ១៣
នៅថ្ងៃទី ១៥ វិច្ឆិកា ដដែលនេះ បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ានបូកបីរួចហើយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី ១៣។ នៅក្នុងឱកាសនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានចូលរួមចែករំលែកនូវទស្សនាទានមួយចំនួន ទាក់ទងនឹងការពិនិត្យឡើងវិញ ក៏ដូចជាទិសដៅនៃកិច្ចសហប្រតិបត្តិការនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ក្នុងបរិបទនៃភាពមិនប្រាកដប្រជាខ្ពស់ក្នុងតំបន់ និងសកលលោក៖ ១) កម្ពុជាសូមចូលរួមជាមួយបណ្ដាប្រទេសនៃកិច្ចប្រជុំអាស៊ីបូព៌ា ព្រមទាំងស្វាគមន៍ និងវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពជាវិជ្ជមាន នៃកិច្ចសហប្រតិបត្តិការរបស់យើង ជាពិសេស ការអនុម័តនូវផែនការសកម្មភាពទីក្រុងម៉ានីល ដែលបានពង្រីកនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យអាទិភាពថ្មីចំនួន ៣ បន្ថែមទៀត ដើម្បីបន្ដជំរុញការអនុវត្តសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ស្ដីពីគំនិតផ្ដួចផ្ដើមអភិវឌ្ឍនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ២០១៨-២០២២។ ទាំអស់នេះ គឺបានឆ្លុះបញ្ជាំងយ៉ាងច្បាស់នូវភាពរឹងមាំនៃដំណើរការ និងគុណតម្លៃនៃវេទិកានៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ក្នុងការធានាឱ្យបាននូវយន្តការមួយដែលមានប្រសិទ្ធភាពខ្ពស់ដើម្បីវិបុលភាពសម្រាប់តំបន់របស់យើងទាំងអស់គ្នា។ ២) សង្គ្រាមពាណិជ្ជកម្មដែលកំពុងកើតឡើង គឺបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិយាកាសវិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ចសកល ជាពិសេសបង្កើតជាហានិភ័យខ្ពស់ដែលរារាំងដល់ការសម្រេចឱ្យបាន នូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ របស់ប្រទេសកំពុងអភិវឌ្ឍ។ ក្នុងបរិការណ៍នេះ ប្រទេសនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាគួរលើកកម្ពស់ការទទួលខុសត្រូវរបស់ខ្លួន តាមរយៈការពង្រឹងនូវយន្ដការកិច្ចសហប្រតិបត្តិការប្រកបដោយស្មារតីបើកចំហ សុឆន្ទៈ និងការប្ដេជ្ញាខ្ពស់ក្នុងការឆ្លើយតបដោះស្រាយបញ្ហាប្រឈមសកលនេះ ដើម្បីរក្សាបរិយាកាសវិនិយោគ ក៏ដូចជាបង្កើនការទុកចិត្តក្នុងវិស័យពាណិជ្ជកម្ម, ហិរញ្ញវត្ថុ និងឧស្សាហកម្មផងដែរ។ កម្ពុជាគាំទ្រយ៉ាងពេញទំហឹងនូវគោលនយោបាយសកលភាវូបនីយកម្ម និងការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី។…