សេចក្ដីដកស្រង់ប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលនិងចែកពូជស្រូវដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តកំពង់ឆ្នាំង
(១) ក្នុងកាលទេសៈលំបាក មន្ត្រីគណបក្សប្រជាជនដែលកាន់រដ្ឋបាលជួយដោះស្រាយ, យើងអាចភ្លេចកូវីដ-១៩ ប៉ុន្តែកូវីដ-១៩ អត់ភ្លេចយើងទេ, រាជរដ្ឋាភិបាលបញ្ចេញគ្រាប់ពូជប្រមាណ ៧ ០០០ តោន រួចហើយ, កន្លែងមានប្រភពទឹកប្រើពូជស្រូវដាំដុះឡើងវិញ កន្លែងគ្មានប្រភពទឹកធ្វើដំណាំរួមផ្សំ ថ្ងៃនេះ យើងជួបជុំគ្នាយើងក៏បានដឹងថាបងប្អូនទាំងអស់បានមកជួបជុំគ្នា ហើយធ្វើដំណើរតាំងពីយប់។ មុននឹងខ្ញុំចូលថ្លែងទៅកាន់បងប្អូនបន្តទៀត អនុញ្ញាតអោយខ្ញុំបានពាំនាំនូវព្រះរាជបណ្ដាំសួរសុខទុក្ខពីព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះរាជមាតាជាតិខ្មែរជាទីសក្ការៈ ដែលព្រះអង្គទាំងទ្វេតែងតែយកចិត្តទុកដាក់ ហើយព្រះអង្គក៏តែងតែមានកង្វល់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយប្រទានព្រះរាជទ្រព្យរបស់ព្រះអង្គជួយសង្គ្រោះប្រជាពលរដ្ឋ។ ថ្ងៃនេះការជួបជុំនេះ គឺមានចំនួនមិនជាច្រើនទេ បើប្រៀបធៀបជាមួយប្រជាជនដែលរងផលប៉ះពាល់ ប៉ុន្តែការជួបនេះគឺសំដៅទៅលើអ្នកដែលត្រូវការពូជដើម្បីយកទៅស្ដារឡើងវិញ។ ខ្ញុំបានធ្វើដំណើរជិតមួយជុំទន្លេសាប។ អាចថាថ្ងៃនេះជាថ្ងៃចុងក្រោយ(នៃដំណើរ)លើកទី១ របស់ខ្ញុំ ប៉ុន្តែខ្ញុំនៅជំពាក់ខេត្តកំពង់ធំមួយទៀត ដែលខ្ញុំមិនទាន់បានទៅ។ ខ្ញុំមានភារកិច្ចចូលទីក្រុងភ្នំពេញដើម្បីដោះស្រាយការងារមួយចំនួន ក្នុងហ្នឹងមានច្បាប់ថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣។ បន្ទាប់ទៅខ្ញុំនឹងធ្វើដំណើរទៅកាន់ខេត្តកំពង់ធំ ហើយនិងមានខេត្តដែលនៅក្រៅពីទន្លេសាប ដូចជាខេត្តព្រៃវែងដែលទទួលរងផលប៉ះពាល់។ ខ្ញុំសូមយកឱកាសនេះថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរខេត្តនិងមូលដ្ឋាននានា ទាំងស៊ីវិលនិងកងកម្លាំងប្រដាប់អាវុធដែលបានខិតខំជួយដល់ប្រជាពលរដ្ឋនៅទីនេះ។ ក្នុងកាលទេសៈដែលមានការលំបាក យើងតែមានមន្ត្រីរបស់គណបក្សប្រជាជនដែលកាន់រដ្ឋបាលជួយដោះស្រាយបញ្ហា។ ខ្ញុំសូមអរគុណចំពោះសម្ដេចចៅហ្វាវាំង គង់ សំអុល ក៏ដូចជាថ្នាក់ដឹកនាំដទៃទៀតនៃក្រុមការងារចុះជួយខេត្តកំពង់ឆ្នាំង ដែលបានចែករំលែកនឹងធ្វើសកម្មភាពទាន់ពេលដើម្បីសង្គ្រោះដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ទឹកភ្លៀងនៅពេលនេះ។ ខ្ញុំក៏សូមយកឱកាសនេះ អរគុណនិងកោតសរសើរចំពោះប្រជាពលរដ្ឋរបស់យើង ដែលខិតខំរើបម្រះចេញពីវិបត្តិនៃគ្រោះទឹកជំនន់ និយាយដោយឡែក និងវិបត្តិនៃជំងឺឆ្លងដ៏កាចសាហាវកូវីដ-១៩ ដែលបានកើតរហូតមកដល់ពេលនេះ សល់តែប៉ុន្មានខែទៀតទេគឺគម្រប់ ៣…