កាកបាទក្រហមកម្ពុជា ឧបត្ថម្ភអំណោយមនុស្សធម៌ជាលើកទី៥ ជូនដល់សមាគមរស្មីកុមារកម្ពុជា
FN ៖ នៅព្រឹកថ្ងៃទី ១១ ខែសីហា ឆ្នាំ២០១៧ នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានឧបត្ថម្ភគ្រឿងឧបភោគ-បរិភោគ អាហារមួយពេល និងថវិកាមួយចំនួន ជូនដល់សមាគមរស្មីកុមារកម្ពុជា ដែលមានកុមារកំព្រា កុមារក្រីក្រ សិស្សស្នាក់នៅក្នុង-ក្រៅសមាគម និងគ្រូ-បុគ្គលិក សរុបចំនួន ១១៧នាក់ ដែលមានទីតាំងស្ថិតនៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្នុងឱកាសសំណេះសំណាល និងប្រគល់អំណោយមនុស្សធម៌នោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើការសួរសុខទុក្ខ ក្តីអាណិត ស្រឡាញ់ និងសូមឱ្យកុមារ សិស្ស-និស្សិតទាំងអស់ដែលកំពុងស្នាក់នៅ និងទទួលការអប់រំ រៀនសូត្រ វិជ្ជាជីវៈ នៅក្នុងសមាគមនេះ ត្រូវចេះស្រឡាញ់គ្នា សាមគ្គីគ្នា និងចេះជួយយកអាសារគ្នាទៅវិញទៅ-មក ដូចពាក្យចាស់ថា «នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមួយ»។…