FN ៖ ប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី២ ដែលនឹងប្រារព្ធឡើង នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះ ដែលកិច្ចប្រជុំនេះប្រទេសកម្ពុជា នឹងធ្វើជាសហប្រធានផងដែរ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧នេះ។
កិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី២ នៅដើមឆ្នាំក្រោយនេះ នឹងធ្វើឡើងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ក្រោមមូលបទ «ទន្លេរបស់យើងដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព»។
លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្តែងនូវការពេញចិត្តចំពោះប្រទេសសមាជិកមេគង្គ-ឡានឆាងទាំងអស់ដែលបានផ្តល់ការសហការយ៉ាងជិតស្និទ្ធ និងគាំទ្រខ្លាំងក្លាដល់ កម្ពុជាធ្វើជាសហប្រធាន និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ៕