ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និង លោកជំទាវ ពេជ ចន្ទមុន្នី ឧបត្ថម្ភស្បៀងអាហារ ប្រេងឥន្ធន: និងថវិកា ដល់សាលាពលទាហានទី៤
នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ ឧត្តមសេនីយ៍ត្រី ឈឹង សារុន នាយកសាលាពលទាហានទី៤ បានទទួលអំណោយឧបត្ថម្ភរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី តាមរយៈឧត្តមសេនីយ៍ត្រី ជុយ សីហា មេបញ្ជាការរង យោធភូមិភាគទី៤ ដែលរួមមានស្បៀងអាហារ ប្រេងឥន្ធន: និងថវិកា មួយចំនួនសម្រាប់ទ្រទ្រង់ដល់ការងាររបស់សាលា ។ មានប្រសាសន៍ក្នុងឱកាសនោះ ឧត្តមសេនីយ៍ត្រី ឈឹង សារុន តាងនាមឲ្យថ្នាក់ដឹកនាំ យោធាចារ្យ និងសិក្ខាកាមនៃសាលាពលទាហានទី៤ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះឯកឧត្តម មេបញ្ជាការ និង លោកជំទាវ ដែលជានិច្ចជាកាលតែងបារម្ភអំពីសុខុមាលភាពរបស់យោធិនបម្រើដល់ថ្នាលបណ្តុះបណ្តាលធនធានមនុស្ស នៃកងយោធពលខេមរភូមិន្ទ ហើយជាកិច្ចតបស្នង យោធិនគ្រប់រូបប្តេជ្ញាបន្តខិតខំយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ច និងបន្តអនុវត្តវិធាន ៣កុំ ៣ការពារ ជូនជាតិ មាតុភូមិ និងប្រជាជន៕