យុទ្ធនាការចាក់វ៉ាក់សាំងជូនមនុស្សចាស់វ័យ៦០ឆ្នាំឡើង នៅរាជធានីភ្នំពេញ
FN ៖ យុទ្ធនាការចាក់វ៉ាក់សាំង Astra Zeneca ជូនដល់ប្រជាពលរដ្ឋចំណាស់ វ័យ៦០ឆ្នាំឡើង នៅរាជធានីភ្នំពេញ នឹងចាប់ផ្តើមពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ស្អែកនេះ វេលាម៉ោង៨៖០០នាទីព្រឹក នៅ១៤ទីតាំង ក្នុងខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ។ នេះបើតាមសេចក្តីប្រកាសរបស់ ក្រសួងសុខាភិបាលកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានបញ្ជាក់ថា ក្រុមមនុស្សវ័យចាស់ គឺជាក្រុមងាយរងគ្រោះខ្ពស់ ហើយបើមានការចម្លងជំងឺកូវីដ-១៩ គឺងាយវិវត្តន៍ទៅជាធ្ងន់ធ្ងរ និងបណ្ដាលឱ្យមានអត្រាស្លាប់ខ្ពស់។ គណៈកម្មការចំពោះកិច្ចបានបញ្ជាក់បន្ថែមថា ការប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ គឺជាឧបករណ៍ដ៏សំខាន់មួយ នៅក្នុងការរួមចំណែកបង្ការភាពធ្ងន់ធ្ងរពីការវ៉ៃលុកនៃជំងឺដ៏កាចសាហាវនេះ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្ដល់អាទិភាពដល់ក្រុមមនុស្សដែលមានអាយុវ័យចាស់ឱ្យទទួលបានវ៉ាក់សាំងកូវីដ-១៩ ឱ្យបានឆាប់បំផុត ដែលអាចធ្វើបាន៕