ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រដល់គរុនិស្សិត១,៦៣០នាក់ នាព្រឹកថ្ងៃនេះ
FN ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញសញ្ញាបត្រដល់គរុសិស្ស និស្សិតបញ្ចប់ការសិក្សានៅវិទ្យាស្ថានជាតិអប់រំឆ្នាំ២០១៦-២០១៧ ចំនួន ១,៦៣០នាក់។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅលើពិភពលោកនេះ គ្មានប្រទេសណាដែលបំផ្លាញដល់ឫស្សគល់នៃការអប់រំដូចនៅកម្ពុជានោះទេ។ * សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កាលពីនៅជារដ្ឋមន្ត្រីក្រសួងការបរទេសសម្តេចបានដើរច្រើនប្រទេស តែគ្មានប្រទេសណាបំផ្លាញដល់ឫស្សគល់នៃការអប់រំដូចរបបប៉ុលពតនោះឡើយ ពោលបើទោះបីប្រទេសទាំងនោះជួបប្រទះភ្លើងសង្គ្រាម តែក្រោយពេលបញ្ចប់សង្គ្រាមហេដ្ឋារចនាសម្ព័ន្ធនៃការអប់រំនៅតែអាចរក្សាបានដដែល។ ផ្ទុយទៅវិញនៅកម្ពុជាក្រោយពេលរំដោះចេញពីរបប ប៉ុលពត គឺហេដ្ឋារចនាសម្ព័ន្ធអប់រំ ត្រូវបានបំផ្លាញខ្ទេចខ្ទី។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កាលពីឆ្នាំ១៩៨២ ពេលសម្តេចបំពេញទស្សនកិច្ចនៅប្រទេសបារាំងសម្តេចធ្លាប់បានលើកឡើងថា ភាសាបារាំងនៅកម្ពុជាមាន ការធ្លាក់ចុះ ហើយសម្តេចស្នើឲ្យមានការយកចិត្តទុកដាក់ដូចជាការបង្កើតមជ្ឈមណ្ឌលភាសាបារាំង និងបង្កើតសាលាបណ្តុះបណ្តាលភាសាបារាំងជាដើម។ តែពេលនោះសម្តេចបានទទួលចម្លើយពីសមាជិកសភាបារាំងថា រដ្ឋាភិបាលមិនគាំទ្ររដ្ឋាភិបាលរបស់សម្តេច ហើយក៏មិនបានយកចិត្តទុកដាក់លើស្ថានភាពភាសាបារាំង…