លោក លឹម គានហោ ចុះពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្ត្របាសាក់ (ជំហានទី ២) ស្ថិតក្នុងស្រុករុក្ខគិរី ដែលមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សា និងស្រូវប្រាំង ជាង១,២០០ហិកតា
FN ៖ នៅរសៀលថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០១៧ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្ត្របាសាក់ (ជំហានទី ២) ស្ថិតក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង ដែលមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សា និងស្រូវប្រាំងជាង១,២០០ហិកតា។ ក្នុងឱកាសចុះពិនិត្យការដ្ឋាននាពេលនេះ លោករដ្ឋមន្ត្រីបានធ្វើការណែនាំដល់ក្រុមហ៊ុនដែលកំពុងអនុវត្តការសាងសង់ សូមឱ្យយកចិត្តទុកដាក់ទៅលើបទដ្ឋានបច្ចេកទេស ធ្វើយ៉ាងណាឱ្យសមិទ្ធផលការងារដែលអនុវត្តបាន មានគុណភាពល្អ ធានានូវការប្រើប្រាស់យូរអង្វែង។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានណែនាំដល់មន្ត្រីបច្ចេកទេស ធ្វើការសិក្សា និងឈានទៅអនុវត្តនូវការសាងសង់ប្រព័ន្ធធារាសាស្ត្របាសាក់ (ជំហានទី ៣) ដើម្បីទាញយកសក្តានុពលទឹកមកប្រើប្រាស់ឱ្យអស់លទ្ធភាព ដោយមិនបណ្តែតបណ្តោយឱ្យទឹកដែលហូរធ្លាក់ពីតំបន់ខាងលើ ហូរធ្លាក់ចូលទៅបឹងទន្លេសាបដោយឥតប្រយោជន៍ ដូចពេលកន្លងមកទៀតឡើយ ។ លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក បានថ្លែងថា ការងារនៅក្នុងដំណាក់កាលទី ៣ ដែលនឹងត្រូវអនុវត្តនាពេលខាងមុខនេះ គឺលោករដ្ឋមន្ត្រីបានណែនាំដល់មន្ត្រីបច្ចេកទេស ឱ្យធ្វើការសិក្សានៅក្នុងការជីកប្រឡាយមេ ០១ខ្សែ ប្រវែងជាង ២០ គម ដើម្បីតភ្ជាប់ពីប្រឡាយមេដំណាក់ឈើក្រំ ស្ថិតក្នុងខេត្តពោធិ៍សាត់ មកភ្ជាប់នឹងប្រព័ន្ធធារាសាស្ត្របាសាក់នេះតែម្តង ។…