សុន្ទរកថា ក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ
ឯកឧត្តមរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន, រដ្ឋមន្ត្រីនៃក្រុមប្រឹក្សា AFTA និង រដ្ឋមន្ត្រី ALA ឯកឧត្តមអគ្គលេខាធិការអាស៊ាន ឯកឧត្តម, លោកជំទាវ, គណៈប្រតិភូ និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្ស ដែលបានចូលរួមជាអធិបតីក្នុងពិធីបើក កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ។ កម្ពុជាពិតជាមានកិត្តិយស ក្នុងនាមជាប្រធានអាស៊ានឆ្លាស់វេនឆ្នាំ ២០២២ និងជាម្ចាស់ផ្ទះទទួលរៀបចំកិច្ចប្រជុំសំខាន់ៗនានា ក្រោមសសរស្ដម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ជាពិសេស កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ។ ក្នុងន័យនេះ, ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តមរដ្ឋមន្ត្រី, គណៈប្រតិភូ ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់ លើទឹកដីអង្គរដ៏បវរនេះ។ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល និងជួសមុខឱ្យប្រជាជនកម្ពុជាទាំងអស់, ខ្ញុំគាំទ និងជឿជាក់លើគោលការណ៍គ្រឹះនានា ដែលមានចែងក្នុងធម្មនុញ្ញរបស់អាស៊ាន ជាពិសេស ការឯកភាពជាឯកច្ឆន្ទ និងមជ្ឈភាពអាស៊ាន គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់យន្តការនានា ដែលដឹកនាំដោយអាស៊ានក្នុងគោលដៅរក្សាសន្តិភាព, ស្ថិរភាព, សន្តិសុខ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក។ កម្ពុជាបន្តគាំទ្រការធ្វើសមាហរណកម្មក្នុងអាស៊ានបន្ថែមទៀត និងធ្វើសមាហរណកម្មជាមួយប្រទេសជាដៃគូសេដ្ឋកិច្ចតំបន់ និងសកលលោក តាមរយៈកិច្ចសហការ និងការចូលរួមវិភាគទានជាមួយបណ្តារដ្ឋជាសមាជិកអាស៊ានទាំង៩ទៀត ក្នុងការកសាងសហគមន៍អាស៊ាន…