សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន សំណេះសំណាលជាមួយប្រតិភូកីឡាកម្ពុជា មុនចូលរួមប្រកួតស៊ីហ្គេមលើកទី ៣២ នៅព្រះរាជាណាចក្រកម្ពុជា
សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកគ្រូ អ្នកគ្រូគ្រូបង្ហាត់ទាំងអស់ ក្មួយៗ កូនៗ ចៅៗ ជាកីឡាករ/ការិនី ដែលបានមកជួបជុំគ្នានៅថ្ងៃនេះ! (១) វិមានសន្តិភាព មិនមែនសាងសង់សំរាប់តែ ហ៊ុន សែន ទេ នេះជាវិមានសន្តិភាពដែលកសាងឡើងសម្រាប់ការជួបជុំកម្រិតខ្ពស់។ កីឡាករ/ការិនី ថ្ងៃនេះក៏មកជួបជុំគ្នានៅទីនេះ ហើយក៏ជាពិធីជូនដំណើរសម្រាប់កីឡាករ/ការិនី ក៏ដូចជាគ្រូបង្វឹករបស់យើងទៅកាន់ការប្រកួត។ នេះ មិនមែនជាការជូនដំណើរឆ្លងកាត់ពីប្រទេសកម្ពុជាទៅកាន់ប្រទេសក្រៅទេ តែជាការជូនដំណើរកូនៗ ចៅៗ នៅវិមានសន្តិភាព ទៅធ្វើការប្រកួត។ ដូចអ្នកទាំងអស់គ្នាបានឃើញថា វិមានសន្តិភាពខ្លះបានស្គាល់ ខ្លះក៏មិនទាន់បានស្គាល់។ ការកសាងវិមានសន្តិភាពនេះ មិនមែនសំរាប់តែ ហ៊ុន សែន អង្គុយទេ។ ខ្ញុំគ្មាន ១០ឆ្នាំ ៥ដងទៀតទេ។ ខ្ញុំមានយ៉ាងច្រើន ១០ឆ្នាំ ៣ដង ក៏មិនមែនជា ១០ឆ្នាំ ៣ដង សម្រាប់ធ្វើនាយករដ្ឋមន្ត្រីទេ។ ខ្លះគេថាខ្ញុំអាចមានលទ្ធភាពមានជីវិតរហូតទៅដល់ ៩៩ឆ្នាំ។ (២) ព្រឹកជួបកម្មករនៅកំពង់ផែព្រះសីហនុ រសៀលជួបកីឡាករ/កីឡាការិនី នៅភ្នំពេញ ព្រឹកមិញនៅខេត្តព្រះសីហនុ ល្ងាចនេះយើងមកជួបជុំគ្នានៅទីនេះ។…