សម្តេចតេជោ ហ៊ុន សែន៖ លុយបានពីប្រេង មិនយកមកប្រើក្នុងចំណាយចរន្តឡើយ តែគឺសម្រាប់ហេដ្ឋារចនាសម្ព័ន្ធបម្រើអភិវឌ្ឍន៍ជាតិ
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា លុយដែលបានពីប្រេងនេះមិនយកមកប្រើក្នុងចំណាយចរន្តឡើយ តែគឺសំរាប់ហេដ្ឋារចនាសម្ព័ន្ធបំរើអភិវឌ្ឍន៍ជាតិ។ នេះបើតាម លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។ ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នៅក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្រ្តី ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈមួយចំនួន ក្នុងនោះមានដូចជា៖ ១៖ ការធានារបស់រាជរដ្ឋាភិបាលសម្រាប់គម្រោងទិញថាមពលអគ្គិសនីផលិតដោយធ្យូងថ្ម ២៤០០ មេហ្កាវ៉ាត់ពីប្រទេសឡាវ។ ២៖ បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តយល់ព្រមពីស្ថាប័ននីតិប្បញ្ញត្តិលើ៖ ២.១៖ កិច្ចព្រមព្រៀងអាស៊ានស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ។ ២.២៖ កិច្ចព្រមព្រៀងស្តីពីការបង្កើតក្របខណ្ឌសម្ព័ន្ធភាពថាមពលព្រះអាទិត្យអន្តរជាតិ។ សូមបញ្ជាក់ថា កម្ពុជាទើបនឹងប្រកាសឱ្យប្រើប្រាស់នូវច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅនេះ។ ច្បាប់នេះមានគោលបំណង ជំរុញអភិវឌ្ឍវិស័យប្រេងកាត ប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាពដើម្បីរួមចំណែក អភិវឌ្ឍសេដ្ឋកិច្ច សង្គម និងផលប្រយោជន៍យូរអង្វែងរបស់ប្រទេសជាតិ៕