គ.ជ.ប ចេញប្រកាសថា ស្ថានការណ៍នៃការឃោសនាបោះឆ្នោតរយៈពេលមួយសប្ដាហ៍ មានភាពល្អប្រសើរ, មនុស្ស២នាក់ស្លាប់ក្នុងពេលឃោសនា
FN ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ រយៈពេល៦ថ្ងៃមកនេះ មានមនុស្សចំនួន២នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងគ្រោះថ្នាក់ចរាចរណ៍ ដែលម្នាក់ជាបេក្ខជនរបស់គណបក្សសង្គ្រោះជាតិ នៅខេត្តពោធិ៍សាត់ និងម្នាក់ទៀតជាប្រជាពលរដ្ឋ នៅខេត្តបាត់ដំបង។ លោកបញ្ជាក់ដូចនេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីដំណើរការប្រព្រឹត្តទៅ នៃការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នៅទីស្នាក់ គ.ជ.ប។ លោក ហង្ស ពុទ្ធា ថ្លែងយ៉ាងដូច្នេះថា «ខាងខេត្តបាត់ដំបង ក្បូងដង្ហែរបស់គណបក្សប្រជាជនកម្ពុជា បានប៉ះទង្គិចដល់ប្រជាពលរដ្ឋម្នាក់ បណ្ដាលឲ្យស្លាប់ នៅពេលទៅដល់មន្ទីរពេទ្យ ហើយខាងគណបក្សប្រជាជន លោកក៏បានសន្យាថា ទទួលខុសត្រូវទាំងស្រុងទៅលើការស្លាប់នេះដែរ ហើយនៅក្នុងខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យបេក្ខជនរបស់ CNRP លំដាប់លេខរៀងទី៣ ស្លាប់បាត់បង់ជីវិត»។ លោកអ្នកនាំពាក្យបន្តថា រយៈពេល៦ថ្ងៃ នៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ (ថ្ងៃទី២០-២៥ ខែឧសភា ឆ្នាំ២០១៧)…