សេចក្តីដកស្រង់ប្រសាសន៍ ក្នុងសង្កថា ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត ១៣.១៦៩ នាក់ នៅសួនឧស្សាហកម្មវឌ្ឍនៈទី ២
សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា! ចូលរួមសំណេះសំណាលជាមួយកម្មករនៅសួនឧស្សាហកម្មវឌ្ឍនៈទី ២ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកជួបជុំជាមួយនឹងកម្មករ/ការិនីរបស់យើង នៅក្នុងសួនឧស្សាហកម្មវឌ្ឍនៈទី ២ ដែលមាន(កម្មករ កម្មការិនី)ចំនួន ១៣.១៦៩ នាក់ ដែលអញ្ជើញមកចូលរួមនៅទីនេះ។ ហើយក៏មិនភ្លេចផងដែរ ជាមួយនឹងការស្វាគមន៍ទុកជាមុន ចំពោះចៅៗ ដែលនឹងមកដល់នៅពេលខាងមុខចំនួន ៥៥៦ នាក់ ដែលថ្ងៃនេះ គឺអោយអង្គុយនៅមួយកន្លែងនៅខាងណេះ(កម្មការិនីមានផ្ទៃពោះ) ព្រោះថា ដើរទៅប៉ះគេ ប៉ះឯង (ខ្លាច)វាមានបញ្ហាទៀត។ បើអញ្ចឹងយើងរៀបចំមួយកន្លែង(អោយពួកគាត់)។ ហើយដល់ពេលអម្បាញ់មិញ ខ្ញុំមកខាងណេះ ដល់ត្រឡប់ទៅវិញ យើងទៅខាងណោះ ដើម្បីទៅជួបជាមួយ(កម្មការិនីរបស់យើង)។ ផ្ដាំដល់កម្មការិនីជិតឆ្លងទន្លេ និងប្ដី ត្រូវនៅថែរក្សាប្រពន្ធកូន យ៉ាងណាក៏ដោយ អ្នកខ្លះត្រឹមតែមួយខែទៀតមកហើយ ប៉ុន្តែសូមផ្ដាំទុកអោយហើយ ក្រែងលោខ្ញុំភ្លេចនិយាយ។ ពេលណាដែលរៀបឆ្លងទន្លេ និងថ្ងៃឆ្លងទន្លេ ចាប់ប្ដីអោយជាប់ កុំអោយទៅណា ស្ដាប់បានទេ(សើច)? ហើយជាពិសេស បុរសដែលជាស្វាមី ពេលដែលប្រពន្ធឆ្លងទន្លេ កុំឆ្លៀតដើរទៅលេងឯណា នៅមើលប្រពន្ធ មើលកូន។…