FN ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងថា បញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសឡាវ ក្នុងពេលបច្ចុប្បន្ននេះ មានភាពល្អប្រសើជាងមុនហើយ ដោយភាគីទាំងពីរ បានដោះស្រាយ បញ្ហាខ្វែងគំនិតគ្នាជាបន្តបន្ទាប់ មិនមានអ្វីគួរឱ្យចាប់អារម្មណ៍ទៀតទេ។
ការអះអាងរបស់ សម្តេចពិជ័យសេនា បានធ្វើឡើងក្នុងសន្និសីទកាសែតខ្លីមួយ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨នេះ បន្ទាប់ពីសម្តេច បានត្រឡប់ពីបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសឡាវ រយៈពេល៥ថ្ងៃ។
សម្តេច ទៀ បាញ់ បានថ្លែងយ៉ាងដូច្នេះថា៖ «ចំពោះបញ្ហាព្រំដែន រវាងប្រទេសទាំងពីរ នៅសេសសល់តែលើបញ្ហាបច្ចេកទេសមួយ ចំនួនតូចតែប៉ុណ្ណោះ ដែលភាគីទាំងពីរ កំពុងដោះស្រាយឲ្យបានចប់សព្វគ្រប់ក្នុងពេលឆាប់ៗនេះ»។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា ប្រទេសកម្ពុជា-ឡាវ នឹងបន្តដំណើរកិច្ចពិភាក្សាគ្នាបន្ថែមទៀតនៅឆ្នាំក្រោយៗ ដើម្បីបង្កើនភាពជិតស្និតប្រទេសនៅភូមិផងរបងជាមួយគ្នា។ ដោយឡែកសម្រាប់កិច្ចប្រជុំលើកនេះ ទទួលបានផ្លែផ្កាយ៉ាងល្អប្រសើរ មិនតែប៉ុណ្ណោះក្នុងកិច្ចប្រជុំសហ មានការចូលរួមពីក្រសួងការពារជាតិ៣ប្រទេស ចូលរួមគឺប្រទេសកម្ពុជា ប្រទេសឡាវ និងប្រទេសវៀតណាម ផងដែរ។
សូមជំរាបថា សម្តេចពិជ័យសេនា ទៀ បាញ់ បានដឹកនាំគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា ទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសឡាវ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់១៧ ខែមករា ឆ្នាំ២០១៨។
ក្នុងជំនួបជាមួយ រដ្ឋមន្រ្តីក្រសួងការបរទេសឡាវ នៅប្រទេសឡាវ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ ប្រមុខការពារជាតិប្រទេសទាំងពីរ បានជំរុញឱ្យកងទ័ព នៅព្រំដែន ត្រូវរួមគ្នាថែរក្សាសន្តិសុខព្រំដែន ហើយដោះស្រាយបញ្ហាដោយសន្តិវិធី ចៀសវាងប៉ះទង្គិចគ្នា៕