សេចក្ដីអធិប្បាយ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អញ្ជើញពិនិត្យរោងចក្រផលិតសម្ភារៈយោធា
ថ្ងៃនេះ ខ្ញុំឡើងមកសួរសុខទុក្ខកូនក្មួយ ដែលបានមកធ្វើការនៅរោងចក្រផលិតសម្ភារៈយោធា ដែលមិនមែនជាសម្ភារៈយោធា(សំរាប់ប្រើ)ដើម្បីឈ្លានពានអ្នកណាទេ ក៏ប៉ុន្តែជាសម្រាប់ការការពារខ្លួន។ អាចនិយាយបានថា ប៉ុន្មានខែមកហើយ យើងមិនបាននាំចូល(សម្ភារៈ)សម្រាប់ផ្គត់ផ្គង់ឱ្យកងទ័ព និងនគរបាលរបស់យើងទេ។ យើងប្រើប្រាស់របស់ដែលផលិតនៅទីនេះ ជំនួសឱ្យការនាំចូល ដែលមានការពិបាកផងនិងមានតម្លៃថ្លៃផង។ ផលិតកម្មនៅទីនេះ ជួយដោះស្រាយការងារក្នុងស្រុកផង ធានាគុណភាពខ្លួនឯង ហើយដោះស្រាយបញ្ហាតម្លៃ ផ្សេងៗ ខ្លួនឯងផង។ ខ្ញុំដឹងថា កូនក្មួយភាគច្រើន(ដែលធ្វើការនៅទីនេះជាអ្នករស់)នៅក្នុងខេត្តបាត់ដំបង និងមានមួយចំនួនជាអតីតពលករនៅប្រទេសថៃ។ កិច្ចការដែលយើងធ្វើនេះជាផ្នែកមួយនៃឧស្សាហកម្មការពារជាតិ ដើម្បី(ជាផលិតផល)ការពារដល់សាច់ឈាមរបស់យើង ដែលកំពុងឈរការពារប្រទេសជាតិនិងប្រជាជន។ សូមយកឱកាសនេះ ថ្លែងអំណរគុណឯកឧត្តម (?) ដែលបានដឹកនាំការងារនេះជំនួសឱ្យខ្ញុំ។ ខ្ញុំមិនមានការងារណាមួយជាអគ្គភស្ដុភារជាន់ខ្ពស់នោះទេ ប៉ុន្តែបងប្អូនប្រសិទ្ធនាមឱ្យខ្ញុំជាអគ្គភស្ដុភារយោធាជាន់ខ្ពស់។ ខ្ញុំទទួលយក ប៉ុន្តែការទទួលយកនេះ វាស្របគ្នានឹងភារកិច្ចដែលខ្ញុំទទួលខុសត្រូវជួយរាជរដ្ឋាភិបាលលើកិច្ចការឧស្សាហកម្មការពារជាតិ។ អ្វីដែលខ្ញុំអាចធ្វើបាន ខ្ញុំធ្វើ។ ឥឡូវនេះ វាបានចេញជាលទ្ធផលហើយ។ យើងមិនមែនធ្វើត្រឹមតែផ្គត់ផ្គង់ឲ្យកងទ័ព នគរបាល និងកងរាជអាវុធហត្ថរបស់យើងទេ។ គោលដៅរបស់យើងគឺឈានទៅនាំចេញសម្រាប់ប្រទេសទាំងឡាយដែលមានតម្រូវការ … (ដាច់សម្លេង) … (តែត្រូវមានការបញ្ជាក់ពីប្រទេសនោះ ដោយមិនឱ្យធ្លាក់)ទៅក្នុងដៃក្រុមប្រឆាំងក្នុងប្រទេសមួយផ្សេងទៀតឡើយ។ យើងមិនអាចធ្វើដូច្នេះបានទេ។ ដោយឡែក រោងចក្រមួយនេះ ខ្ញុំបានបញ្ជាទិញតម្លៃ ៧លានកន្លះ(ដុល្លារ)រួចហើយ។ ខ្ញុំនៅជំពាក់តែ ១លាន(ដុល្លារ)ទេ។ កាលពីមុន យើងទិញពីខាងក្រៅ។…

