សម្តេចតេជោ ហ៊ុន សែន និងប្រធានាធិបតីគីជីស្ថាន ជួបជជែកគ្នារកវិធីលើកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ
FN ៖ លើទឹកដីនៃទីក្រុងឌូសាន់បេ ប្រទេសតាជីគីស្ថានកន្លែងចូលរួមសន្និសីទកំពូលលើកទី៥ ស្តីពីអន្តរសកម្មភាព និងការកសាងទំនុកចិត្តអាស៊ី នារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ស៊ូរូនបាយ ជីនបេកូវ (Sooronbay Jeenbekov) ប្រធានាធិបតីគីជីស្ថាន បានជួបជជែកលើការងារមួយចំនួនស្វែងរកការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ។ បើតាមលោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ជាកិច្ចចាប់ផ្តើមនៃជំនួបនោះ សម្តេចតេជោ ហ៊ុន សែន និងប្រធាធាធិបតីគីជីស្ថាន សុទ្ធតែបានបង្ហាញនូវភាពរីករាយដែលបានជួបជជែកគ្នា។ ពាក់ព័ន្ធទំនាក់ទំនងទ្វេភាគី សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ទំនាក់ទំនងកម្ពុជា និងគីជីស្ថាន មានរយៈពេល២៤ឆ្នាំហើយ បន្ទាប់ពីបានចុះកិច្ចព្រមព្រៀងកាទូតជាមួយគ្នានៅឆ្នាំ១៩៩៥។ សម្ដេចតេជោ បានគូសបញ្ជាក់ថា មកដល់ពេលបច្ចុប្បន្នទំនាក់ទំនងប្រទេសទាំងពីរនៅមានកម្រិតតិចតួចនៅឡើយ ដូច្នេះសម្ដេចស្នើឲ្យមានការតែងតាំងឯកអគ្គរដ្ឋទូតប្រចាំនៅប្រទេសទាំង២ ដើម្បីជំរុញទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែប្រសើរ។ ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះ សម្តេចតេជោ ក៏បានស្នើឱ្យមានការចុះអនុស្សារណៈដើម្បីពិគ្រោះយោបល់លើផ្នែកនយោបាយ ក៏ដូចជាការចុះអនុស្សរណៈរវាងក្រសួងការពារប្រទេសនៃប្រទេសទាំងពីរដើម្បីអាចពិភាក្សាធ្វើការជាមួយគ្នា។ សម្តេចតេជោ ហ៊ុន សែន ក៏ចង់ឱ្យមានការពិភាក្សាលើទំនាក់ទំនងអន្តរជាតិជាមួយសម្ព័ន្ធភាពអាស៊ី-អឺរ៉ុប ដែលកម្ពុជានឹងអាចនាំចេញក្រណាត់ និងសម្លៀកបំពាក់មកផងដែរ។…