កម្ពុជានាំចេញជ័រកៅស៊ូបានជិត២០ម៉ឺនតោន ទទួលចំណូល២៦៦លានដុល្លារ នៅរយៈពេល១០ខែឆ្នាំនេះ
FN ៖ យោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះបានបញ្ជាក់ថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០១៩ កម្ពុជាបាននាំចេញកៅស៊ូចំនួន១៩៩,៩៧៥តោន កើនឡើង២៤% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ ដោយទទួលបានចំណូលប្រមាណ២៦៦លានដុល្លារអាមេរិក។ របាយការណ៍បញ្ជាក់ថា តម្លៃជាមធ្យមរបស់ជ័រកៅស៊ូ នៅ១០ខែដំបូង ឆ្នាំ២០១៩នេះ មានតម្លៃ១,៣៣២ដុល្លារក្នុង១តោន បានធ្លាក់ចុះ២%។ ដូច្នេះបើគិតជាចំណូលដែលកម្ពុជា ទទួលបានពីការនាំចេញជ័រកៅស៊ូរយៈពេល១០ខែ មានចំនួនប្រមាណជា ២៦៦,៣៦៦,៧០០ដុល្លារអាមេរិក។ សម្រាប់ការនាំចេញជ័រកៅស៊ូ ក្នុងខែតុលា មានចំនួនប្រមាណជាជាង ២៦,៩០៤តោន ខណៈតម្លៃជ័រកៅស៊ូជាមធ្យមក្នុងខែតុលានេះមានតម្លៃ ១,៣០៨ដុល្លារក្នុង១តោន បានកើនឡើង០.៤១% បើធៀបនិងខែមុនកន្លងផងដែរ។ សូមបញ្ជាក់ថា រយៈពេលពេញមួយឆ្នាំ២០១៨ កម្ពុជាបាននាំចេញជ័រកៅស៊ូជាង២១ម៉ឺនតោន ទទួលបានចំណូលជិត៣០០លានដុល្លារអាមេរិក។ ជ័រកៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី៕