សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ សំណេះសំណាលជាមួយប្រជាពលរដ្ឋតាំងទីលំនៅថ្មីនៅតំបន់ រុនតាឯក (លើកទី ៣) ស្រុកបន្ទាយស្រី ខេត្តសៀមរាប
(១) មក រុនតាឯក លើកទី៣ ជួបជុំដំណាក់កាលចុងក្រោយនៃការចាប់ផ្តើម, ប្រជាពលរដ្ឋដូរទីលំនៅចេញពីតំបន់អង្គរដើម្បីគោរពលក្ខខណ្ឌតម្រូវដោយ UNESCO ថ្ងៃនេះគឺមានការរីករាយដែលបានមកជួបបងប្អូននៅរុនតាឯកសាជាថ្មីម្តងទៀត ប៉ុន្តែជួបអ្នកថ្មីដែលមិនទាន់បានជួប។ មុននឹងខ្ញុំនិយាយតទៅទៀតខ្ញុំគួរតែជម្រាបថានៅនឹងមុខបងប្អូនដែលបានមានរួចទៅហើយនោះមាននំបុ័ង មានទឹកសុទ្ធ មានទឹកក្រូច។ អញ្ចឹងទេ ពេលដែលខ្ញុំនិយាយបងប្អូនអាចទទួលទាននំបុ័ង អាចទទួលទានទឹកក្រូច ទឹកអីតាមចិត្តចង់។ ឯអ្នកដែលអត់គឺខ្ញុំ ប៉ុន្តែខ្ញុំក៏មានទឹកដែរ។ ថ្ងៃនេះជាពេលវេលាទី៣ ហើយក៏ខ្ញុំចាត់ទុកថាសម្រាប់ រុនតាឯក ជាការជួបជុំដំណាក់កាលចុងក្រោយនៃការចាប់ផ្តើម ប៉ុន្តែមិនមែនជាដំណាក់កាលចុងក្រោយនៃពេលអភិវឌ្ឍទេ។ យើងនឹងមានឱកាសជួបគ្នានៅ រុនតាឯក ជាបន្តបន្ទាប់ទៀត នៅពេលដែលបងប្អូនយើងមករស់នៅទីនេះ។ ខ្ញុំសូមអរគុណចំពោះឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដែលបានដឹកនាំសម្របសម្រួលជាមួយនឹងបណ្តាស្ថាប័ននានា ក្នុងឋានៈជាក្រុមការងារតម្រង់ទិសនៅទីនេះ។ អម្បាញ់មិញឯកឧត្តម ជា សុផារ៉ា បានរាយការណ៍ជូនបងប្អូន ជូនយើងទាំងអស់គ្នានៅទីនេះ អំពីវឌ្ឍនភាពដែលសម្រេចបានដែលធ្វើឡើងដោយស្ថាប័ននានាទាំងផ្នែកទឹក ទាំងផ្នែកអគ្គិសនី ទាំងផ្លូវថ្នល់ ទាំងការកសាងសាលារៀន ទាំងការកសាងវត្តអារាម ការកសាងផ្នែកដទៃទៀតសម្រាប់ដំណើរការនៅក្នុងតំបន់ រុនតាឯក របស់យើងនេះ។ នៅទីនេះ ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដែលបានធ្វើរួចមកហើយដូចជាសាលារៀន និងកំពុងតែសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ដែលក្រោយនេះ អាចនិយាយបានដូចច្នោះថានឹងក្លាយជាកូនក្រុងរណបមួយបាន នៅពេលក្រោយទៅទៀត។ ខ្ញុំសូមអរគុណជាមួយស្ថាប័នទាំងអស់ ដែលបានខិតខំប្រឹងប្រែងធ្វើឱ្យមានវឌ្ឍនភាពនៃកិច្ចការងារនេះ។ ខ្ញុំដឹងច្បាស់ណាស់ថា…