សេចក្តីដកស្រង់សារសំឡេង ដាក់បទបញ្ជាទប់ស្កាត់ការនាំចូល កូវីដ-១៩ ពីថៃ ពីថៃកាត់ឡាវ វៀតណាម និងការអនុវត្តអនុក្រឹត្យលេខ ១២៩ ចុះថ្ងៃទី ១៩ ខែ ៩ ឆ្នាំ ២០១៥ ស្ដីពីវិធានការសុខាភិបាលទប់ស្កាត់ និងឆ្លើយតបការរីករាលដាលជាអន្តរជាតិនៃជំងឺតាមច្រកចេញចូល
ជូនចំពោះ ឯកឧត្ដម រដ្ឋមន្រ្តី ក្រសួងសុខាភិបាល ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ក៏ដូចជាអភិបាលខេត្ត អភិបាលស្រុក ក៏ដូចជាបងប្អូនប្រជាពលរដ្ឋយើង ថ្ងៃនេះ ខ្ញុំមានកិច្ចការបន្ទាន់ដើម្បីចេញសារជម្រាបជូនបងប្អូនជនរួមជាតិ ទាក់ទិនជាមួយនឹងការពង្រឹងវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លង។ កន្លងទៅ ជោគជ័យរបស់យើងដែលទទួលបាន គឺផ្ដើមចេញពីការធ្វើចត្តាឡីស័កបានត្រឹមត្រូវ ដែលមិននាំទៅដល់ការឆ្លងសហគមន៍សាជាថ្មី ហើយបើទោះបីជាយើងធ្លាប់ឆ្លងសហគមន៍ ដែលហៅថាសហគមន៍ ៣ វិច្ឆិកា និងសហគមន៍ ២៨ វិច្ឆិកា ក៏យើងមិនមានការរីករាលដាលឲ្យទៅជាចង្កោមធំនោះទេ ដោយសារតែយើងបានធ្វើចត្តាឡីស័កបានត្រឹមត្រូវ។ បន្ទាប់ពីបិទបញ្ចប់នូវព្រឹត្តិការណ៍ ២៨ វិច្ឆិកា ការផ្ទុះការរីករាលដាលនៅក្នុងសហគមន៍នៅព្រះរាជាណាចក្រថៃ តម្រូវឲ្យយើងពង្រឹងការធ្វើចត្តាឡីស័កនៅតាមព្រំដែនកម្ពុជា-ថៃ។ បន្ទាប់ទៅ ដោយមើលឃើញថាមានការឆ្លងរីករាលដាលនៅក្នុងសហគមន៍នៅភាគខាងជើង ភាគកណ្ដាល រហូតមកដល់ភាគខាងត្បូងរបស់ប្រទេសវៀតណាម យើងក៏បានពង្រឹងនូវវិធានការថែមទៀតជាមួយនឹងព្រំដែនកម្ពុជា-វៀតណាម។ ថ្មីៗនេះ ដោយឃើញថាពលរដ្ឋរបស់យើងមួយចំនួន ដែលធ្វើការនៅក្នុងប្រទេសថៃ បានធ្វើដំណើរមកកម្ពុជាវិញដោយឆ្លងកាត់តាមប្រទេសឡាវ យើងក៏បានពង្រឹងនូវការធ្វើចត្តាឡីស័ក និងត្រួតពិនិត្យនៅតាមព្រំដែនកម្ពុជា-ឡាវ ដោយរកកិច្ចសហប្រតិបត្តិការជាមួយនឹងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ព្រោះឃើញថាវាមានហានិភ័យសម្រាប់ប្រជាជនឡាវផងដែរ នៅពេលដែលប្រជាជនកម្ពុជាយើងបានធ្វើដំណើរចេញពីប្រទេសថៃ ដោយឆ្លងកាត់ប្រទេសឡាវ ហើយចូលមកក្នុងប្រទេសកម្ពុជាវិញ។ ជាទូទៅ គឺយើងធ្វើចត្តាឡីស័កបានត្រឹមត្រូវ គ្រាន់តែតួលេខសម្រាប់ព្រំដែនកម្ពុជា-ថៃ គិតត្រឹមយប់មិញនេះ គឺអ្នកដែលបានធ្វើចត្តាឡីស័កចំនួន ៣៥ ៦៦៥…