នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាឲ្យកម្លាំងអាវុធហត្ថចុះបង្ក្រាប ទីតាំងស្តុកឈើប្រណិតមួយកន្លែង នៅស្រុកស្នួល, រកឃើញឈើ៨៦ដុំ
FN ៖ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈគណៈកម្មាធិការ បង្រ្កាបបទល្មើសធនធានធម្មជាតិថ្នាក់ជាតិ កម្លាំងអាវុធហត្ថខេត្តក្រចេះ សហការជាមួយកម្លាំងអាវុធហត្ថ ខេត្តមណ្ឌលគិរី បានចុះទៅបង្ក្រាប និងរឹបអូស ឈើប្រណិតជាច្រើន ដែលក្រុមឈ្មួញគរទុកចោល ស្ថិតនៅស្រុកស្នូល ខេត្តក្រចេះ។ មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថា បានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧នេះថា «នៅថ្ងៃម្សិលមិញ កម្លាំងយើងសហការជាមួយកម្លាំងអាវុធហត្ថ ខេត្តមណ្ឌលគីរីបាន ចុះបង្ក្រាប និងរឹបអូសគំនរឈើដែលលាក់ទុកនៅក្នុង (ចំការកៅស៊ូ) ចំណុចខាងលើ ហើយមន្រ្តីរដ្ឋបាលព្រែឈើ ស្រុកស្នូល បានធ្វើការវាស់វែងរួចឃើញថា ឈើសុក្រំចំនូន៨៦ដុំស្មើនឹង48,507ម៉ែត្រគូប, ម៉ូតូ១គ្រឿងម៉ាក Air Bladeគ្មានស្លាកលេខ, សៀវភៅកត់ត្រាឈើចំនួន២ក្បាល និងទូរសព័្ទដែមួយគ្រឿង»។ បើតាមលោកឧត្តមសេនីយ៍ ម្ចាស់ឈើបានរត់គេចខ្លួនបាត់ ដោយឡែក វត្ថុតាងបានយកមករក្សាទុកនៅក្នុងក្រុមហ៊ុន DTC Group។ បច្ចុប្បន្នកម្លាំងអាវុធហត្ថ កំពុងធ្វើការស្រាវជ្រាវរកម្ចាស់ឈើ និងអ្នកពាក់ព័ទ្ធដើម្បីកសាងសំណុំរឿងបញ្ជូន ទៅតុលាការតាមនីតិវិធី៕