សម្ដេចតេជោ ហ៊ុន សែន ប្រកាសនឹងប្ដឹង លោក លឺ ឡាយស្រេង ដែលបានប្រមាថព្រះជេស្ដារ ព្រះមហាក្សត្រ នរោត្តម សីហមុនី
FN ៖ នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា សម្ដេចនឹងប្ដឹងលោក លឺ ឡាយស្រេង ដែលនិយាយបានប្រមាថព្រះជេស្ដារ ព្រះមហាក្សត្រ នរោត្តម សីហមុនី ទៅជាមាន់គ្រៀវ ដែលនេះធ្វើឲ្យសម្ដេចមិនអាចទទួលយកបាននោះទេ។ ទន្ទឹមនឹងការប្រកាសប្ដឹងរឿងប្រមាថព្រះជេស្ដារ ព្រះមហាក្សត្រនេះ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្ដេចក៏នឹងប្ដឹងមួយករណីទៀត ដែលលោក លឺ ឡាយស្រេង បាននិយាយបរិហាកេរ្ដិ៍សម្ដេចថា ឲ្យមន្ដ្រីគណបក្សហ៊្វុនស៊ិនប៉ិច ម្នាក់២ម៉ឺនដុល្លារ។ ប្រសាសន៍ខ្លាំងខាងលើនេះ របស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧នេះ ក្នុងឱកាសបន្តជួបសំណេះសំណាល ជាមួយតំណាងកម្មករ ដែលជាប្រធានក្រុម ប្រធានផ្នែក រដ្ឋបាល និងជំនួយការសរុបប្រមាណ ៤,០០០នាក់ មកពីរោងចក្រចំនួន១១ ដែលកិច្ចសំណេះសំណាលនេះ ធ្វើនៅសាលមហោស្រពកោះពេជ្រ។ នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «ដំបូងខ្ញុំចង់និយាយពីលោក លឺ ឡាយស្រេង…