FN ៖ តំណាងប្រទេសកាណាដា បានបញ្ជាក់នៅចំពោះមុខលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈថា ប្រទេសដ៏ធំមួយនេះ មិនត្រឹមតែនៅបន្តការបញ្ជាទិញផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់ពីកម្ពុជាប៉ុណ្ណោះទេ ថែមទាំងអាចនឹងបន្ថែមការបញ្ជាទិញផលិតទាំងនោះពីកម្ពុជាទៀតផង។
ដំណឹងដ៏វិសេសនេះ ត្រូវបានបញ្ជាក់ដោយលោករដ្ឋមន្ត្រី អ៉ិត សំហេង ក្រោយបញ្ចប់ជំនួបជាមួយលោកស្រី ដូនីកា ផូតទី ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា ដែលមាននិវាសដ្ឋាននៅទីក្រុងបាងកក នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងការងារ។
លោករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា «កាណាដាក៏ជាប្រទេសមួយ ដែលទិញទំនិញផ្នែកវាយនភណ្ឌពីកម្ពុជាដែរ ហ្ចឹងគាត់បានស្វែងយល់ពីលក្ខខណ្ឌការងារ គោលនយោបាយចំពោះសិទ្ធិសេរីភាព នៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ហើយភាគីកាណាដាក៏បានវាយតម្លៃខ្ពស់ថា កម្ពុជាអាចចាត់ទុកជាគំរូមួយ នៅក្នុងការអនុវត្តលក្ខខណ្ឌការងារ។ គេបានដកការបញ្ជាទិញនេះ នៅប្រទេសខ្លះ ប៉ុន្តែកម្ពុជាអត់ទេ ពោលនៅតែបន្ត»។
លោករដ្ឋមន្ត្រីបន្តថា ទោះបីទំហំទឹកប្រាក់ដែលកាណាដាទិញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ពីកម្ពុជា មិនទាន់ឡើងខ្ពស់ដូចទីផ្សារធំៗក៏ពិតមែន ប៉ុន្តែវាជាការចាប់ផ្ដើមដ៏ល្អមួយ ដែលភាគីកាណាដាបានអនុគ្រោះសម្រាប់ការនាំចេញពីកម្ពុជាចូលប្រទេសខ្លួន។ រហូតមកដល់បច្ចុប្បន្ននេះ ទំហំទឹកប្រាក់ដែលកាណាដាបញ្ជាទិញផលិតផលទាំងនេះពីកម្ពុជា មានជាង៩០លានដុល្លារ។
លោកបន្តបែបនេះទៀតថា ប្រទេសកាណាដា អាចនឹងបន្ថែមការបញ្ជាទិញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ពីកម្ពុជាទៀតផង។
ក្នុងជំនួបនោះ ភាគីកម្ពុជា-កាណាដា ក៏បានពិភាក្សាគ្នាអំពីការអភិវឌ្ឍធនធានមនុស្ស បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ការអភិវឌ្ឍគោលនយោបាយស្ដីពី ការអភិវឌ្ឍវិស័យឧស្សាហកម្ម ដោយកាណាដាបានកោតសរសើរថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាមានភាពល្អប្រសើរ ដូចជា ការដោះស្រាយលក្ខខណ្ឌការងារមួយចំនួនជូនកម្មករ ដែលកត្តានេះហើយ បានជំរុញឲ្យអ្នកប្រើប្រាស់ទំនិញនៅក្នុងអរិយប្រទេសមួយចំនួន គេពេញចិត្តនឹងលក្ខខណ្ឌដែលរាជរដ្ឋាភិបាលកម្ពុជា ផ្ដល់ជូនកម្មករនិយោជិត ពិសេសគោលនយោបាយគាំពារសង្គមរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្ដល់ជូនដល់កម្មការិនី ព្រោះជាកត្តាដ៏ទាក់ទាញកាន់ខ្លាំងទាំងអ្នកប្រើប្រាស់ និងអ្នកបញ្ជាទិញផងដែរ៕