សម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំប្រទេសចំនួន២៨ទៀត ចូលរួមកិច្ចប្រជុំកំពូលលើកទី៥ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី
FN ៖ កិច្ចប្រជុំកំពូលលើកទី៥ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) បានប្រារព្វពិធីបើកជាផ្លូវការហើយ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា នៅទីក្រុងឌូសាន់បេ នៃសាធារណរដ្ឋតាជីគីស្ថាន។ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាលើការងារមួយចំនួនជាមួយលោក អ៉ីម៉ូម៉ាលី រ៉ាហម៉ុន (EMomali Rahmon) ប្រធានាធិបតីតាជីគីស្ថានរួចហើយ បន្ទាប់មកសម្តេចតេជោ ហ៊ុន សែន និងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលចំនួន ២៨ប្រទេស រួមទាំងប្រទេសសង្កេតការណ៍មួយចំនួនទៀត បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល លើកទី៥ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ដើម្បីធ្វើការពិនិត្យពិភាក្សាទៅលើប្រធានបទ ចក្ខុវិស័យរួមដើម្បីសន្តិសុខ និងវិបុលភាព នៃតំបន់ CICA។ នៅក្នុងកិច្ចប្រជុំកំពូលនេះ មេដឹកនាំនៃតំបន់ CICA បានបញ្ចាក់ឡើងវិញ នូវការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះធម្មនុញ្ញនៃអង្គការសហប្រជាជាតិ និងនិយាម និងគោលការណ៍ នៃច្បាប់អន្តរជាតិ ដែលបានទទួលស្គាល់ជាសកល ក្នុងការលើកកម្ពស់គោលដៅ និងគោលការណ៍របស់ CICA ដែលបានចែងនៅក្នុងសេចក្តីប្រកាស ស្តីពីគោលការណ៍ណែនាំ ក្នុងទំនាក់ទំនងរបស់រដ្ឋជាសមាជិក CICA…