សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យប្រធានសមាគមមិត្តភាពចិន-កម្ពុជា និងរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន ចូលជួបពិភាក្សា
FN ៖ ក្នុងដំណើរបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិន នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏មានជំនួបដាច់ដោយឡែកពីគ្នាចំនួនពីរផ្សេងទៀត គឺជំនួបពិភាក្សាការងារជាមួយលោកស្រី Gu Xiulian ប្រធានសមាគមមិត្តភាពចិន-កម្ពុជា និង លោក សុង តាវ រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណះកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន។ ក្នុងឱកាសចូលជួបសម្តែងការគួរសម ក៏ដូចជាពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នោះ លោកស្រី Gu Xiulian មានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានអនុញ្ញាតឲ្យថ្នាក់ដឹកនាំ នៃសមាគមមិត្តភាពចិន-កម្ពុជា បានជួបសំណេះសំណាល នៅទីក្រុងប៉េកាំងប្រទេសចិន ក្នុងឱកាសដែលរូបសម្តេចអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការដ៏មមាញឹកបំផុតនេះ។ លោកស្រីក៏បានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ពីភាពរីកចម្រើនធំធាត់ពីមួយថ្ងៃទៅមួយថ្ងៃ បន្ទាប់ពីប្រទេសទាំងពីរចិន និងកម្ពុជា បានបង្កើតឡើងនូវ សមាគមមិត្តភាពចិន-កម្ពុជា កាលពីពេលកន្លងទៅ។ លោកស្រីក៏បានជំរាបជូនសម្តេចតេជោដែរថា សមាគមមិត្តភាពចិន-កម្ពុជា មានសមាជិកចូលរួមគឺជាអតីតមន្ត្រីការទូតរបស់ប្រទេសចិន ប្រចាំកម្ពុជា និងអ្នកមួយចំនួនទៀត ក៏ជាអ្នកធ្លាប់បំពេញការងារមនុស្សធម៌ក្នុងប្រទេសកម្ពុជា។ លោកស្រីក៏បានសំដែងនូវការអបអរសាទរ ជូនចំពោះគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី ពីការបោះឆ្នោតសកលឆ្នាំ២០១៨កន្លងទៅ។…