សម្តេចតេជោ ហ៊ុន សែន ជំរុញក្រុមហ៊ុនចិន ពន្លឿនគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងសិក្សាឲ្យល្អិតល្អន់ចំពោះគម្រោងផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញក្រុមហ៊ុនសាងសង់ស្ពាន និងថ្នល់របស់ចិន ពន្លឿនគម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅព្រះសីហនុ ដែលបានសិក្សា និងដោះស្រាយផលប៉ះពាល់រួចហើយនោះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានស្នើក្រុមហ៊ុននេះសិក្សាឲ្យបានល្អិតល្អន់ចំពោះគម្រោងផ្លូវល្បឿនលឿនពីភ្នំពេញ ទៅបាវិតផងដែរ។ ការជំរុញរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលដែលសម្តេចអនុញ្ញាតឲ្យថ្នាក់ដឹកនាំក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (China Road and Bridge Comrporation CRBC) ចូលជួបសម្តែងការគួរសម និងពិភាក្សាលើការងារមួយចំនួននាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩នេះ។ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន កន្លងមកបានរួមចំណែកសាងសង់ផ្លូវ និងស្ពានជាច្រើនក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន ក៏នឹងសាងសង់ផ្លូវល្បឿនលឿន ពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ ដែលគ្រោងនឹងបើកការដ្ឋានសាងសង់ក្នុងពេលដ៏ខ្លីខាងមុខផងដែរ។ ជាមួយគ្នានេះក្រុមហ៊ុនក៏មានគម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅកាន់ក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម និងស្ថាបនាផ្លូវលេខ១៥-៥១ ដែលតភ្ជាប់ខេត្តកោះកុង ទៅពោធិ៍សាត់ និងខេត្តបាត់ដំបង។ ក្នុងជំនួបនោះសម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានណែនាំឲ្យក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់របស់ចិន បើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅព្រះសីហនុ ឲ្យបានឆាប់ ខណៈដែលបច្ចុប្បន្នបានដោះស្រាយបញ្ហាពាក់ព័ន្ធរួចរាល់មកហើយនោះ។ សម្រាប់ព័ន្ធផ្លូវដែលត្រូវតភ្ជាប់ចេញពីរាជធានីភ្នំពេញ ភ្ជាប់ជាមួយផ្លូវល្បឿនលឿន គឺត្រូវសិក្សាជាបន្ទាន់ដើម្បីសាងសង់តភ្ជាប់។ ដោយឡែកផ្លូវល្បឿនលឿនភ្នំពេញ ទៅបាវិតវិញ…