សម្តេចតេជោ ហ៊ុន សែន យល់ព្រមឱ្យ លោក យន្ត មីន លាលែងពីតំណែង ហើយផ្ទេរលោក គួច ចំរើន មកជាអភិបាលខេត្តព្រះសីហនុ និងដកតួនាទី លោក ញឹម វណ្ណដា
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានយល់ព្រមឱ្យ លោក យន្ត មីន លាលែងពីតំណែងអភិបាលខេត្តព្រះសីហនុ ហើយសម្រេចផ្ទេរ លោក គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកជាអភិបាលខេត្តព្រះសីហនុវិញ។ ទន្ទឹមនឹងនេះ សម្តេចបានសម្រេចដក លោក ញឹម វណ្ណដា ពីតំណែងជាទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយដោយមូលហេតុខ្វះការទទួលខុសត្រូវនិងភូតភរ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់តាម Facebook យ៉ាងដូច្នេះថា៖ «ក្នុងពេលបំពេញការងារនៅខេត្តព្រះ សីហនុ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុបានទទួលស្គាល់កំហុសលើការគ្រប់គ្រងក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដែលបណ្តាលអោយមានរឿងឈឺចាប់កើតឡើង។គាត់បានស្នើមកខ្ញុំដើម្បីលាលែងចេញពីអភិបាលខេត្តព្រះសីហនុ»។ សម្តេចបានបញ្ជាក់បន្តថា៖ «ខ្ញុំបានយល់ព្រមអោយគាត់លាលែងនិង បានពិភាក្សាជាមួយ សម្តេច ស ខេង យកឯកឧត្តម គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកធ្វើជាអភិបាលខេត្តព្រះសីហនុវិញ។ ទោះជាមានការរៀបចំបែបនេះក៏ដោយក៏ ឯកឧត្តម យន្ត មីន នៅបន្តដឹកនាំ យុទ្ធនាការរុករក និងសង្រ្គោះតទៅទៀតរហូតចប់កិច្ចការនិងអភិបាលខេត្តថ្មីចូលកាន់តំណែង»។…