សម្តេចតេជោ ហ៊ុន សែន ផ្តល់ប្រាក់សំណង និងប្រាក់ឧបត្ថម្ភជាង ១ម៉ឺនដុល្លារ ជូនលោកយាយម្នាក់ ដែលរងផលប៉ះពាល់ពីការសាងសង់ផ្លូវលេខ២១
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្រេចផ្តល់ប្រាក់សំណង និង ប្រាក់ឧបត្ថម្ភសរុបប្រមាណ ១៥,៨៥១.៤១ដុល្លារអាមេរិក ជូនលោកយាយម្នាក់ ដែលផលប៉ះពាល់ដោយសារការសាងសង់ផ្លូវជាតិលេខ២១ ពីក្រុងតាខ្មៅឆ្ពោះទៅ ច្រកព្រំដែនជ្រៃធំ ខេត្តកណ្តាល។ លោកយាយ ដែលទទួលបានប្រាក់សំណង និងប្រាក់ឧបត្ថម្ភពីប្រមុខរាជរដ្ឋាភិបាលកម្ពុជានេះ មានឈ្មោះ មឿន សុផល រស់នៅភូមិព្រែកថ្មី ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។ តាមការចេញផ្សាយនៅលើទំព័រ Facebook របស់ក្រសួងសាធារណការ និងដឹកជញ្ជូននៅយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា លោកយាយ មឿន សុផល ទទួលបានប្រាក់សំណងពីផលប៉ះពាល់នៃការសាងសង់ផ្លូវជាតិលេខ២១ ចំនួន ៤,៦០១.១៦ ដុល្លារ។ តែដោយសារឃើញលោកយាយមានជីវភាពទីទ័លក្រខ្លាំង សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមចំនួន ១ម៉ឺនដុល្លារ និង៥លានរៀលបន្ថែមទៀត។ បើតាមការចេញផ្សាយដដែលនេះ បានបញ្ជាក់ទៀតថា ក្រៅពីការផ្តល់សំណង និងការឧបត្ថម្ភជាថវិកាហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានចាត់ចែងឲ្យរកដីសាងសង់ផ្ទះជូនលោកយាយថែមទៀតផង។…