សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន សម្ពោធដាក់ឱ្យប្រើប្រាស់នូវស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ
ស្ពានអាកាស ផ្លូវក្រោមដីចោមចៅ សមិទ្ធផលថ្មីរួមអភិវឌ្ឍន៍រាជធានីភ្នំពេញ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ហើយក៏សូមថ្លែងនូវការគោរពចំពោះបងប្អូនជនរួមជាតិនៅទូទាំងប្រទេសក៏ដូចជាបងប្អូនជនរួមជាតិកម្ពុជាយើង ដែលកំពុងរស់នៅនៅឯបរទេស ក៏ដូចជាកងកម្លាំងប្រដាប់អាវុធ ដែលកំពុងប្រតិបត្តិការក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅឯបរទេស ដែលកំពុងមើលការផ្សាយបន្តផ្ទាល់ពីទីនេះ។ ថ្ងៃនេះ យើងពិតជាមានការរីរករាយ ដែលបានមកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅ ដែលជាសមិទ្ធផលថ្មីមួយទៀតរបស់ព្រះរាជាណាចក្រកម្ពុជា។ យើងធ្វើពិធីសម្ពោធថ្ងៃនេះ គឺនៅក្នុងឆ្នាំចាស់ ឆ្នាំឆ្នូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥។ សមិទ្ធផល ០២ ទៀត៖ ទី ១ ថ្ងៃនេះ សម្ពោធនូវទីនេះ តែនៅមានសមិទ្ធផលដ៏ធំមួយទៀត នៅឯខេត្តសៀមរាប ដែលត្រូវចំណាយថវិកាប្រមាណជាជាង ២០០ លានដុល្លារសហរដ្ឋអាមេរិក នឹងត្រូវសម្ពោធនៅថ្ងៃទី ០៤ មេសា ខាងមុខនេះ។ នៅមានសមិទ្ធផលជាច្រើនទៀត ដែលយើងនឹងត្រូវចាប់ផ្ដើមសម្ពោធដាក់ឱ្យប្រើប្រាស់នៅក្រោយចូលឆ្នាំខ្មែរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ នៅពេលខាងមុខ។ ខ្ញុំសូមអនុគ្រោះជាមុន អំពីបងប្អូនដែលធ្វើដំណើរតាមផ្លូវជាតិលេខ ៤ ក្ដី តាមផ្លូវជាតិលេខ…