ក្នុងករណីភាគីថៃមិនព្រមបើកច្រកព្រំដែន​ដែល​ខ្លួនបិទជាឯកតោភាគី កម្ពុជាត្រូវអនុវត្តវិធានការ ៦ចំណុច

យប់ម៉ិញ ខ្ញុំបានចេញសារមួយហើយ។ ព្រឹកនេះ ខ្ញុំនិយាយក្នុងនាមប្រធានបក្សកាន់អំណាចទៅកាន់រាជរដ្ឋាភិបាលបន្ថែមទៀត។ ក្នុងករណីភាគីថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគី កម្ពុជាត្រូវធ្វើ៖ ប្រកាសបិទច្រក និងឈប់ទិញទំនិញថៃមកប្រើប្រាស់ក្នុងទីផ្សារកម្ពុជា។ មានន័យថា ឈប់ប្រើទំនិញថៃ ជំនួសដោយការប្រើទំនិញក្នុងស្រុក និងទំនិញមកពីប្រទេសផ្សេងក្រៅពីថៃ។ ត្រៀមទិញទំនិញដែលភាគច្រើនជាកសិផលរបស់ប្រជាជនដែលធ្លាប់លក់ឲ្យថៃ ដោយខិតខំរកទីផ្សាជូនប្រជាជនទាំងក្នុងស្រុកនិងក្រៅស្រុក។ បង្វែរអ្នកជម្ងឺដែលធ្លាប់ទៅព្យាបាលក្នុងប្រទេសថៃ មករកមន្ទីរពេទ្យក្នុងស្រុក ឬទៅប្រទេសផ្សេងវិញ។ ត្រៀមទទួលយក និងដោះស្រាយការងារជូនពលករដែលនឹងវិលត្រឡប់ពីប្រទេសថៃ។ កម្ពុជាកំពុងខ្វះកម្លាំងពលកម្មទាំងក្នុងវិស័យឧស្សាហកម្ម ទាំងក្នុងវិស័យកសិកម្ម និងសំណង់រាប់សិបម៉ឺនកន្លែង។ បងប្អូនពលករ ដែលពេលនេះកំពុងទទួលការមើលងាយនិងប្រមាថយ៉ាងធ្ងន់ធ្ងរនៅតំបន់មួយចំនួន អាចចាកចេញមកកម្ពុជាមុនថៃបណ្តេញ។ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវត្រៀម ២៤ម៉ោងលើ ២៤ម៉ោង ដើម្បីវាយបកការពារខ្លួន ក្នុងករណីមានការឈ្លានពាន។ បណ្តាខេត្តនៅជិតព្រំដែន ត្រូវត្រៀមជម្លៀសប្រជាជនចេញមកកាន់តំបន់មានសុវត្តិភាព និងដោះស្រាយស្បៀងអាហារថ្នាំពេទ្យនិងសំភារៈចាំបាច់ផ្សេងទៀត។បើថៃមិនធ្វើការដោះស្រាយច្រកព្រំដែនឲ្យវិលមករកភាពប្រក្រតីវិញ យើងគ្មានជម្រើសក្រៅពីធ្វើការទាំងអស់នេះទេ។ ខ្ញុំសូមអំពាវបងប្អូនជនរួមជាតិ សូមកុំធ្វើអំពើជ្រុលនិយមដូចជាបាតុកម្មប្រឆាំងស្ថានទូតថៃ ក្រុមហ៊ុនថៃ និងជនជាតិថៃនៅកម្ពុជា និងសូមកុំស្អប់ខ្ពើមប្រកាន់ពូជសាសន៍ ចំពោះជនជាតិថៃ ដែលភាគច្រើនលើសលប់ជាមនុស្សល្អ។ មានតែក្រុមជ្រុលនិយម និងយោធាមួយចំនួនប៉ុណ្ណោះ ដែលបង្ករឿងជាមួយកម្ពុជា ព្រោះជាទម្លាប់រដ្ឋាភិបាលថៃ មិនអាចគ្រប់គ្រងកងទ័ពបានដូចប្រទេសយើងនោះទេ៕

សម្ដេចតេជោ ហ៊ុន សែន ការកែសម្រួលកម្លាំងកងទ័ពនៅតំបន់មានជម្លោះកម្ពុជា-ថៃ គឺដើម្បីបញ្ជៀសនូវការប៉ះទង្គិចបង្ហូរឈាមទ្រង់ទ្រាយធំ ជារឿងចាំបាច់

ការកែសម្រួលកម្លាំងកងទ័ពនៅតំបន់មានជម្លោះ ដែលស្រុះស្រួលគ្នារវាងមេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-ថៃ ដើម្បីបញ្ជៀសនូវការប៉ះទង្គិចបង្ហូរឈាមទ្រង់ទ្រាយធំ គឺជារឿងចាំបាច់។ ប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ថៃ ពិតជាចង់មានសន្តិភាពជាបន្ត និងមិនចង់ឃើញនូវសង្គ្រាមនោះឡើយ។ ការស្វែងរកដំណោះស្រាយតាមរយៈ ការចរចាត្រូវបានធ្វើតាំងពីកំរិតថ្នាក់ រាជរដ្ឋាភិបាលរហូតដល់មេបញ្ជាការ នៅអង្គភាពជួរមុខទើបមានលទ្ធផលដូចពេលនេះ។ សូមបងប្អូនជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ដែលជាវិធីតែមួយ គត់ ដើម្បីបញ្ជៀសសង្រ្គាមបង្ហូរឈាម និងដើម្បីមិត្តភាព និង កិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង៕

ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធសមិទ្ធផលក្នុងវិស័យអប់រំនៅខេត្តរតនគិរី

FN ៖ នៅព្រឹកថ្ងៃសៅរ៍ ១២កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលទាំងឡាយក្នុងវិស័យអប់រំនៅខេត្តរតនគិរី ដែលជាមរតករបស់សម្តេចតេជោ ហ៊ុន សែន។ ខាងក្រោមជាខ្លឹមសារសំខាន់ៗ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធសមិទ្ធផលក្នុងវិស័យអប់រំនៅខេត្តរតនគិរី៖ អញ្ជើញមកដល់ខេត្តរតនគិរីជាលើកដំបូងក្នុងឋានៈជានាយករដ្ឋមន្ត្រី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងការរីកចម្រើនរបស់ខេត្ត ជាពិសេសវឌ្ឍនភាពក្នុងវិស័យអប់រំ ដែលជាមរតករបស់សម្តេចតេជោ ហ៊ុន សែន។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ខេត្តរតនគិរី គឺជាខេត្តមួយឆ្ងាយជាងគេ ពីរាជធានីភ្នំពេញ បើធៀបជាមួយខេត្តដទៃ។ ទោះស្ថិតនៅឆ្ងាយ តែរតនគិរី មានការអភិវឌ្ឍ និងរីកចម្រើន បើធៀបនឹងអតីតកាល បន្ទាប់ពីប្រទេសបញ្ចប់សង្គ្រាម និងរក្សាបានសុខសន្តិភាពពេញលេញជិត ៣០ឆ្នាំមកនេះ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត…