សម្តេចតេជោ ហ៊ុន សែន ជំរុញអ្នកវិនិយោគវៀតណាមមកវិនិយោគនៅកម្ពុជា
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញអ្នកវិនិយោគវៀតណាមឲ្យមកស្វែងរកឱកាសវិនិយោគ ក៏ដូចជាវិនិយោគនៅកម្ពុជា ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងផ្តល់ការយកចិត្តទុកដាក់ ជាមួយការបង្កបរិយាសល្អប្រសើរជាច្រើនសម្រាប់អ្នកវិនិយោគបរទេស។ ការជំរុញរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលអញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម-កម្ពុជា ដែលប្រារព្ធធ្វើឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅល្ងាចថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨នេះ។ វេទិកានេះ ក៏មានការអញ្ជើញចូលរួមពីនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ៊្វុក ព្រមទាំងមន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលប្រទេសទាំងពីរ ព្រមទាំងធុរកិច្ចជនប្រទេសទាំងពីរជាច្រើនរូបទៀត។ ក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវយ៉ាងដូច្នេះ «ខ្ញុំសូមអំពាវនាវដល់អ្នកវិនិយោគវៀតណាមដែលមិនទាន់បានមកកម្ពុជា អញ្ជើញមកសិក្សាស្វែងយល់ពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងសម្រេចចិត្តបណ្ដាក់ទុនវិនិយោគ ដើម្បីទាញយកប្រយោជន៍ជាអតិបរមាពីកិច្ចសហប្រតិបតិ្តការទ្វេភាគីរវាងវៀតណាម និងកម្ពុជា»។ «ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមធានាជូនអ្នកវិនិយោគគ្រប់រូបនូវបរិស្ថានប្រកបដោយភាពអំណោយផល ជាពិសេស គឺសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ ក៏ដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្របខណ្ឌច្បាប់ និងស្ថាប័នដែលប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពអាចប៉ាន់ប្រមាណបាន»។ នេះជាការអះអាងបន្ថែមរបស់សម្តេចតេជោ ដើម្បីជាការផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគរបស់វៀតណាម។ សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបង្ហាញពីសក្តានុពល និងឧត្តមភាពនៃការវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ។…