សេចក្ដីដកស្រង់ប្រសាសន៍ ចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
• “… និស្សិតមកពីបរទេសរៀននៅសាលានេះច្រើន […] ១៥៨ នាក់ ដោយក្នុងនោះមកពីឡាវ កូរ៉េ វៀតណាម ជប៉ុន ចិន បារាំង បង់ក្លាដេស ម៉ារ៉ុក អង់គ្លេស ម៉ាលី ហ្គាបុង និងទុយនេស៊ី … និស្សិតបរទេសមួយចំនួនរៀននៅសាលាដទៃៗ ប៉ុន្តែសាលានេះអាចចាត់ទុកថា ជាសាលាដែលទាក់ទាញបាននូវការយកចិត្តទុកដាក់មករៀនពីសំណាក់និស្សិតបរទេស …”
• “… ឆ្នាំនេះទឹកធ្លាក់លឿនជ្រុលហួស។ បើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការប្រមូលផលរដូវវស្សាបានជាង ២ លានហិកតាហើយ លើផ្ទៃដីដែលធ្វើបានចំនួន ២ លាន ៧ សែនហិកតា […] ស្រូវវស្សានឹងមិនមានផលប៉ះពាល់ដោយសារការខ្វះទឹកទេ ប៉ុន្តែស្រូវប្រាំងនៅកន្លែងមួយ ចំនួនខ្វះខាតទឹក … ខ្ញុំព្រះករុណាខ្ញុំចេញសារាចរអំពាវនាវឱ្យកសិកររបស់យើងធ្វើស្រូវប្រាំងតែមួយដងបានហើយ …”
• ” … ខ្ញុំតែងតែផ្តល់អនុសាសន៍ឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សិក្សាបែងចែកតំបន់ដាំដុះ។ តំបន់ខ្លះអាចធ្វើដំណាំផ្សេង(ពីស្រូវ)បាន […] ពិសេស តំបន់ដែលខ្វះខាតទឹក គប្បីប្រែវាទៅជាតំបន់ដែលដាំនូវអ្វីដែលអាចទទួលផលបានខ្ពស់ជាង ហើយប្រើទឹកតិចជាង …”
• “… គោលនយោបាយឧស្សាហកម្ម ទី ១ គឺកែច្នៃផលិតផលកសិកម្មរបស់កម្ពុជា ដែលមានស្រាប់ មិនទាមទារទុនធំពេកហើយសហគ្រាសធុនតូច និងមធ្យមត្រូវដំណើរការទាំងអ្នកក្នុងស្រុក និងក្រៅស្រុក។ ជិតចូលឆ្នាំខ្មែរ ខ្ញុំត្រូវជួបសហគ្រាសធុនតូច និងមធ្យម […] យើងចង់បានអ្នកវិនិយោគលើជ័រកៅស៊ូ កាហ្វេ ។ល។ និង ទី២ គឺការវិនិយោគផ្នែកឧស្សាហកម្មបច្ចេកវិទ្យា។ ទោះបីយើងនៅរក្សាឧស្សាហកម្មអតិពលកម្មប្រើកម្លាំងពលកម្មច្រើន ដូចជាវិស័យកាត់ដេរ ប៉ុន្តែយើងក៏ត្រូវទាញយកឧស្សាហកម្មជំនាញខ្ពស់ …”
សម្ដេចតេជោ ហ៊ុន សែន, ចែកសញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច, ២៦ ធ្នូ ២០១៩