ធ្វើវ៉ាក់សាំងវ័យជំទង់ បង្កើតភាពស៊ាំក្នុងសហគមន៍ ដើម្បីបើកសាលារៀនចាប់ពីអនុវិទ្យាល័យ ថ្ងៃនេះ យើងបានរួមគ្នាដើម្បីបើកយុទ្ធនាការចាក់វ៉ាក់សាំង សម្រាប់កុមារ និងយុវវ័យ ដែលកិច្ចការនេះមិនមែនជាការរៀបចំដោយចៃដន្យទេ។ យើងបានគិតគូរហ្មត់ចត់ ទម្រាំយើងមានយុទ្ធនាការនៅថ្ងៃនេះ ព្រមពេលជាមួយនឹងយុទ្ធនាការ ដែលយើងកំពុងតែបន្តទៅលើមនុស្សចាប់ពី ១៨ ឆ្នាំឡើងលើ។ ការចាក់វ៉ាក់សាំងរបស់កុមារ(វ័យជំទង់)ថ្ងៃនេះ គឺជាជំហានដ៏សំខាន់ដើម្បីឱ្យមានភាពស៊ាំនៅក្នុងសហគមន៍។ យើងធ្លាប់និយាយជាហូរហែមកថា កុមារជាទំពាំងស្នងឫស្សី។ (ប៉ុន្តែ)ប្រសិនបើកុមារខូចសុខភាពចាប់ពីពេលនេះ យើងពុំមានឫស្សីដែលល្អនោះទេ។ មួយផ្នែកទៀត ផលប៉ះពាល់ដែលបានកើតឡើង ក្នុងពេលវេលានៃ កូវីដ-១៩ គឺប៉ះពាល់យ៉ាងធ្ងន់ទៅលើបញ្ហាការបណ្ដុះបណ្ដាលធនធានមនុស្ស។ ស្ទើរគ្រប់ប្រទេស មានការបិទសាលារៀន។ ចំណុចនេះ យើងកំពុងគិតគូររៀបចំធ្វើយ៉ាងណាឱ្យបានបើកសាលារៀនឡើងវិញ ហោចណាស់ ចាប់ពីអនុវិទ្យាល័យឡើងទៅ។ ការធ្វើសន្និសីទថ្ងៃនេះ ដើរព្រមជាមួយនឹងយុទ្ធនាការចាក់វ៉ាក់សាំង ដែលមុននេះ ខ្ញុំគ្រាន់តែបានសង្កេតពីការរៀបចំសម្រាប់ចាក់(វ៉ាក់សាំង)ឱ្យចៅរបស់ខ្ញុំតែប៉ុណ្ណោះ ក៏ប៉ុន្តែនៅមានកុមារច្រើនទៀតដែលនឹង(ត្រូវបាន)ចាក់(វ៉ាក់សាំង)នៅថ្ងៃនេះ និងនៅកន្លែងនេះ។ (យើងចាប់ផ្ដើមចាក់)នៅទីក្រុងភ្នំពេញ នៅខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកណ្ដាល ព្រោះយើងត្រូវចាក់(វ៉ាក់សាំង)ក្មេងវ័យជំទង់ចាប់ពីអាយុ ១២ ឆ្នាំដល់ ១៧ ឆ្នាំ (ប្រមាណ) ២ លាននាក់បន្ថែម។ សម្រាប់ថ្ងៃនេះ សន្និសីទកាសែតដែលមុននេះពោរពេញដោយអ្នកកាសែត ក៏យើងត្រូវកាត់បន្ថយចំនួន ហើយឱ្យចូលតែប៉ុន្មាននាក់ប៉ុណ្ណោះ។ មុននឹងចូល(កម្មវិធីនេះ)ទៀតសោត ម្សិលមិញមានការធ្វើតេស្តដោយម៉ាស៊ីនធំ(រក…