សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាចូលគាល់សួរសុខទុក្ខព្រះមហាក្សត្រនៅមន្ទីរពេទ្យ

ម៉ោង៩និង៣០នាទី ម៉ោងនៅប៉េកាំងព្រឹកនេះខ្ញុំបានចូលគាល់សួរសុខទុក្ខព្រះមហាក្សត្រនៅមន្ទីរពេទ្យរយៈពេលប្រមាណ៨នាទី។ ជាទូទៅព្រះរាជសុខភាពព្រះអង្គបានប្រសើរឡើង ព្រះអង្គមានរាជបន្ទូលឆ្លងឆ្លើយជាមួយខ្ញុំព្រះករុណាខ្ញុំជាធម្មតា ទោះបីព្រះអង្គផ្ទុំដាក់សេរ៉ូម ដែលជាទម្លាប់ធម្មតានៃអ្នកជំងឺក្រោយការវះកាត់ក៏ដោយ។ តាមរយៈខ្ញុំព្រះករុណាខ្ញុំ ព្រះអង្គសូមផ្ញើការសាកសួរសុខទុក្ខ និងប្រគេនពរចំពោះព្រះសង្ឃ និងប្រជាពលរដ្ឋដោយការនឹករលឹក៕

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ការដែលទៅដល់ប៉េកាំងមានគោលដៅតែមួយគត់គឺកំដរព្រះមហាក្សត្រ និងហ្លួងម៉ែក្នុងពេលវេលាដ៏លំបាក

ថ្វាយបង្គំសម្តេចព្រះសង្ឃរាជទាំងពីរគណៈ ព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈ បងប្អូនជនរួមជាតិជាទីគោរពស្រលាញ់! ពេលនេះខ្ញុំព្រះករុណាខ្ញុំកំពុងស្ថិតនៅមន្ទីរពេទ្យក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន សូមទូលប្រគេន និងជម្រាបជូនបងប្អូនជនរួមជាតិថាការវះកាត់របស់គ្រូពេទ្យចិនថ្វាយចំពោះព្រះមហាក្សត្រជាទីគោរពសក្ការៈបានទទួលជោគជ័យហើយ។ ការវះកាត់បានធ្វើនៅព្រឹកថ្ងៃ២០ ខែមេសាឆ្នាំ២០២៦នេះ។ ពេលនេះព្រះករុណាព្រះអង្គបានដឹងព្រះកាយបន្ទាប់ពីអស់ថ្នាំសណ្តំ ។ ពេលនេះគ្រូពេទ្យកំពុងតាមដានដោយយកចិត្តទុកដាក់នូវការវិវត្តប្រែប្រួលក្រោយការវះកាត់។ ព្រះករុណាព្រះមហាក្សត្រ និងសម្តេចម៉ែព្រះអង្គសូមអរព្រះគុណ និងអរគុណចំពោះព្រះសង្ឃ និងប្រជាពលរដ្ឋ ដែលបានផ្ញើសារថ្វាយព្រះពរចំពោះព្រះអង្គ។ ខ្ញុំសូមយកឱកាសនេះអរគុណប្រធានាធិបតី ស៊ី ជីនភីង រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានយកចិត្តទុកដាក់ចំពោះព្រះរាជសុខភាពរបស់ព្រះមហាក្សត្រកម្ពុជា។ សូមអរគុណជាពិសេសដល់ក្រុមគ្រូពេទ្យដ៏ពូកែដែលបានវះកាត់ប្រកបដោយជោគជ័យនិងសុវត្ថិភាពសម្រាប់ព្រះមហាក្សត្រជាទីគោរពស្រលាញ់របស់ប្រជាជនកម្ពុជា។ សម្រាប់ខ្ញុំព្រះករុណា និងកូនប្រុសពីរនាក់ហ៊ុន ម៉ានិត និង ហ៊ុន ម៉ានី បានមកដល់ប៉េកាំងតាំងពីថ្ងៃ១៧ ខែមេសា ឆ្នាំ២០២៦មកម្ល៉េះ ដែលមានគោលដៅតែមួយគត់គឺកំដរព្រះមហាក្សត្រ និងហ្លួងម៉ែក្នុងពេលវេលាដ៏លំបាកនេះព្រោះព្រះរាជសុខភាពរបស់ព្រះមហាក្សត្រ គឺជាសុខភាពរបស់ប្រទេសជាតិទាំងមូល។ ក្នុងករណីព្រះរាជសុខភាពព្រះមហាក្សត្របានប្រសើរ ខ្ញុំព្រះករុណានឹងត្រឡប់ទៅប្រទេសវិញនៅថ្ងៃ២២ ខែមេសា ឆ្នាំ២០២៦។

សេចក្តីដកស្រង់សារសម្លេង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ប្រធានព្រឹទ្ធសភា និងប្រធាន​គណបក្សប្រជាជន បកស្រាយការចោទប្រកាន់របស់ សេង សារី, ជំរើសដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងការព្រមានដល់សកម្មភាពលួចនាំចូលទំនិញពីប្រទេសថៃ

(សេង) សារី! ពុកបានស្ដាប់ការសម្ភាសន៍របស់កូន (និង)ការលើកមតិរបស់កូន នៅក្នុងវិទ្យុ RFI របស់បារាំង។ កូនបែរជានិយាយអំពីការដែលពុកលុបសារ។ ពុកគ្រាន់តែបញ្ជាក់ឡើងវិញថា​ កូនចូលទៅមើលឡើងវិញក្នុង Page របស់ពុកទៅ។ ពុកមិនដែលបានលុបសារទេ។ គ្មានហេតុផលនឹងលុប​សាររបស់ពុកទេ … ពុកជូនសារទៅកាន់ប្រជាពលរដ្ឋ ដែលប្រៀបធៀបថា “ការរបួសកូនដៃមួយ មិនគួរធ្វើឲ្យរូបកាយទាំងមូលពិការនោះទេ”។ (ការនិយាយដូច្នេះ) មិនមែនពុកទុករឿងជាតិ រឿងទឹកដី ស្មើនឹងកូនដៃនោះទេ។ ប៉ុន្តែ យើងពិនិត្យមើល (ក្នុង)ទំហំផ្ទៃដី ១៨១ ០៣៥ គីឡូម៉ែត្រក្រឡា (តើ)យើងរងការទន្ទ្រានកាន់កាប់ពីសំណាក់ភាគីថៃប៉ុន្មាន? ហើយទឹកដីប៉ុន្មានហិក​តានោះ មិនមែនក្លាយជាដីថៃជាស្ថាពរនោះទេ។ យើងនៅតែបន្តការតស៊ូយកត្រឡប់មកវិញ ដោយមធ្យោបាយសន្តិវិធី។ ជម្រើសមានតែ២ទេ។ ទី១ វាយប្រហារដណ្ដើមយកទឹកដីនោះមកវិញ។ តើកូនយល់ពីជម្រើសនេះឬទេ? (តើ)ហ៊ានមកចូលរួមឬទេ? ជម្រើសបែបនេះគឺការប្រើប្រាស់ជីវិតរបស់ទាហាន គឺធ្វើឲ្យទាហានស្លាប់ និងរបួស ធ្វើឲ្យប្រជាជនស្លាប់និងរបួស និងបង្កើតឲ្យមានជនភៀសសឹកឡើងវិញ។ (កាលពីការកើតមានសង្គ្រាមនាពេលកន្លងទៅ) មាន(ជនភៀសសឹក)រហូតទៅដល់ ៦០ទៅ ៧០ម៉ឺននាក់ឯណោះ។ តើវាគួររើសយកជម្រើសនេះឬទេ? ឬក៏ត្រូវបន្តជម្រើសសព្វថ្ងៃ តាមរយៈការពង្រឹងបទឈប់បាញ់ ហើយការចរចាដោះស្រាយតាមយន្តការដែលមានស្រាប់ ដូចដែលមានចែងក្នុងកិច្ចព្រមព្រៀង សេចក្ដីថ្លែងការណ៍ឈប់បាញ់ (ពិសេស)ទាក់ទងនឹងកថាខណ្ឌស្ដីពីដំណើរការវាស់វែងតាមព្រំដែនបន្តទៀត…