សូមបងប្អូនដែលរកស៊ីប្តូរប្រាក់ សូមមេត្តាប្តូរប្រាក់តាមតម្លៃទីផ្សារកុំស្វែងរកប្រាក់ចំណេញហួសហេតុតាមរយៈបញ្ចុះតម្លៃប្រាក់បាត ដំឡើងថ្លៃប្រាក់រៀល

ខ្ញុំបានទទួលដំណឹងថា ប្រជាជនយើងនៅតាមព្រំដែនពិសេសនៅប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ ដែលមានប្រាក់បាតថៃ នាំគ្នាដូរយកប្រាក់រៀលតាំងពីខ្ញុំបង្ហោះសារបានប្រមាណ២ម៉ោងកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥។ វាជារឿងល្អដែលប្រជាជនកម្ពុជាប្រើប្រាស់ប្រាក់រៀលលើទឹកដីរបស់ខ្លួន ដើម្បីជៀសវាងការខាតបង់ និងក្លាយជាចំណុចខ្សោយសម្រាប់ជាតិ នៅពេលដែលគេប្រើជាអាវុធនយោបាយ។ ខ្ញុំក្តាប់បានថា បងប្អូនខ្មែរយើងមួយចំនួនដែលធ្វើការ និងរកស៊ីនៅថៃមិនអាចដកប្រាក់ពីធនាគារនៅថៃបានទេ។ នេះបានបង្ហាញថា ប្រាក់បាតថៃកំពុងសម្លាប់ប្រជាជនខ្មែរដែលធ្វើការ និងរកស៊ីនៅក្នុងប្រទេសថៃ និងនាពេលខាងមុខប្រាក់បាតថៃ និងសម្លាប់ប្រជាជនខ្មែរលើទឹកដីកម្ពុជាចំពោះតែប្រជាជនខ្មែរណាដែលបន្តចាយ និងទុកប្រាក់បាតថៃ។ ប៉ុន្តែអ្វីដែលខ្ញុំចង់អំពាវនាវគឺសូមបងប្អូនដែលរកស៊ីប្តូរប្រាក់ សូមមេត្តាប្តូរប្រាក់តាមតម្លៃទីផ្សារកុំស្វែងរកប្រាក់ចំណេញហួសហេតុតាមរយៈបញ្ចុះតម្លៃប្រាក់បាត ដំឡើងថ្លៃប្រាក់រៀល ដែលធ្វើឲ្យអ្នកត្រូវការប្តូរប្រាក់ត្រូវខាតបង់។ ខ្ញុំក៏ចង់និយាយទៅកាន់បងប្អូនជនរួមជាតិថា ពីពេលនេះតទៅឈប់កំណត់ប្រាក់ឈ្នួលធ្វើការ ឬតម្លៃទំនិញ ឬតម្លៃសេវាជាប្រាក់បាតថៃ ហើយមកកំណត់ជាប្រាក់រៀល ឬប្រាក់ដុល្លារវិញ និងកាន់តែល្អគឺកំណត់ជាប្រាក់រៀលដើម្បីពង្រឹងរូបិយវត្ថុជាតិ។ ប្រសិនស្រឡាញ់ជាតិត្រូវទុកក្រដាសប្រាក់ដែលមានព្រះឆាយាល័ក្ខ ព្រះបិតាជាតិ ព្រះមាតាជាតិ និងព្រះមហាក្សត្រយើងក្នុងទូ ក្នុងកាបូប ឬក្នុងហោប៉ៅយើង ជាជាងទុកព្រះឆាយាល័ក្ខ ព្រះមហាក្សត្រប្រទេសមួយ ដែលចាត់ទុកយើងជាសត្រូវ និងប្រមាថមើលងាយយើងនោះទេ។ ខ្ញុំសូមស្នើរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់កំចាត់ចោលមន្ត្រី និងឈ្មួញដែលនៅបន្តលួចនាំទំនិញថៃ ចូលក្នុងពេលព្រំដែននៅបិទ ដែលធ្វើឲ្យអ្នកជិតខាងយើងមើលងាយយើងថា អត់ទំនិញគេមិនបាន។ ប្រសិនបើខ្ញុំនៅធ្វើនាយករដ្ឋមន្ត្រីដូចពេលមុនខ្ញុំមិនបាច់និយាយភាសានេះទេ គឺចេញបញ្ជាចាប់ខ្លួន ឬដកចេញពីមន្ត្រីតែម្តង ប៉ុន្តែសូមកុំគិតថា (ឆ្មាមិននៅកណ្តុរឡើងរាជ្យឲ្យសោះ)៕

សូមជនរួមជាតិកម្ពុជា កុំធ្វើទង្វើអាក្រក់ដែលជាទង្វើអមនុស្ស និងអន់ជាងសត្វ

នេះឬជាជនជាតិស៊ីវិល័យមានគុណធម៌ សីលធម៌ និងអរិយធម៌ខ្ពស់? សូមជនរួមជាតិកម្ពុជា កុំធ្វើទង្វើអាក្រក់បែបនេះដែលជាទង្វើអមនុស្ស និងអន់ជាងសត្វ។ មិនថាវីដេអូនេះធ្វើដោយមនុស្សផ្ទាល់ ឬដោយ AI គឺសុទ្ធតែបង្ហាញនូវអំពើអាក្រក់ទាំងអស់មិនថាជនជាតិណា ឬក្រុមណានោះទេ។ កន្លងមកនេះបងប្អូនយើងមួយចំនួនបានសុំមកខ្ញុំ ដើម្បីធ្វើការតបតតាមរយៈយករូបថត ឬព្រះឆាយាល័ក្ខព្រះមហាក្សត្រថៃ យកមកដាក់ ហើយបាញ់យករង្វាន់ដូចជនជាតិថៃមួយចំនួនបាននិងកំពុងធ្វើ។ ខ្ញុំបានប្រាប់ទៅវិញថា បើយល់ថាគេធ្វើបែបនេះជាការខុស សូមកុំប្រឡងយកខុសជាមួយគេធ្វើអី ព្រោះអំពើបែបនេះជាអំពើអមនុស្ស និងអន់ជាងសត្វទៅទៀត។ ខ្ញុំបានពន្យល់បន្ថែមថា ពួកគេធ្វើបែបនេះក្នុងគោលដៅធ្វើឱ្យខ្ញុំបាត់បង់ការអត់ធ្មត់ក្នុងពេលបទឈប់បាញ់ កំពុងស្ថិតក្នុងស្ថានភាពផុយស្រួយ ឬយ៉ាងហោចណាស់ញុះញង់ឱ្យកងទ័ពនិង ប្រជាជនយើងមួយចំនួនតបតតាមរបៀបបង្កអរិយភាព។ ខ្ញុំសូមអំពាវនាវជនរួមជាតិយើង សូមកុំយកព្រះឆាយាល័ក្ខព្រះមហាក្សត្រថៃ ឬរូបថតមេដឹកនាំថៃណាមួយមកធ្វើមិនគប្បីឱ្យសោះ។ ទោះជាប្រទេសយើងតូច ប្រជាជនយើងមានចំនួនតិច សេដ្ឋកិច្ចយើងទន់ខ្សោយ តែយើងកុំខ្សោយខាងសីលធម៌។ យើងត្រូវតែបន្តជាជាតិសាសន៍ថ្លៃថ្នូរមានសីលធម៌ខ្ពស់។ ប្រសិនបើបងប្អូនឈឺចាប់ជាមួយថៃ មិនចូលចិត្តថៃ សូមកុំទិញទំនិញថៃមកប្រើប្រាស់ និងឈប់ប្រើប្រាស់ប្រាក់បាតថៃលើដីខ្មែរតទៅទៀតដើម្បីពង្រឹង ឯករាជ្យភាពខាងរូបិយវត្ថុរបស់ជាតិយើង។ សូមកុំធ្វើសកម្មភាពណាមួយប៉ះពាល់ដល់ក្រុមហ៊ុនថៃ និងប្រជាជនថៃ ដែលកំពុងរស់នៅធ្វើការរកស៊ីនៅកម្ពុជា។ ខ្ញុំនៅតែជឿថា ប្រជាជនថៃភាគច្រើនមិនចង់ធ្វើសត្រូវជាមួយប្រជាជនកម្ពុជានោះទេ។ មនុស្សមួយចំនួននៅថៃ រាប់ទាំងអ្នកដឹកនាំថៃខ្លះផង កំពុងវាយតម្លៃខុសពីសេដ្ឋកិច្ចកម្ពុជាថា កំពុងជួបការលំបាកក្រោយពីថៃបិទព្រំដែនដោយខ្វះទំនិញប្រើប្រាស់។ ខ្ញុំគួរតែអរគុណអ្នកដឹកនាំថៃម្ដងទៀត ដែលវាយក្បាលគេត្រូវក្បាលខ្លួនឯង ព្រោះកម្ពុជាធ្លាប់យកប្រាក់ក្នុងមួយឆ្នាំៗមិនតិចជាង៥ពាន់លានដុល្លារទៅទិញទំនិញថៃ ហើយបង្វិលលុយនេះមកទិញទំនិញក្នុងស្រុក ដែលធ្វើឱ្យទំនិញផលិតក្នុងស្រុកមានទីផ្សារដែលជាឱកាសពង្រឹងសេដ្ឋកិច្ចកម្ពុជា។ យើងមិនដែលបានទៅសុំទំនិញថៃមកលក់ក្នុងទីផ្សារយើងទេ គឺយកលុយទៅទិញ…

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ប្រតិភូសមាជិកព្រឹទ្ធសភាសហព័ន្ធម៉ាឡេស៊ីដឹកនាំដោយ ឯកឧត្តម Datuk Wira Dr. Mohd Hatta bin Md Ramli ចូលជួបសម្តែងការគួរសម

នៅវិមានព្រឹទ្ធសភា នារសៀលថ្ងៃព្រហស្បតិ៍ ១០កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ប្រតិភូសមាជិកព្រឹទ្ធសភាសហព័ន្ធម៉ាឡេស៊ីដឹកនាំដោយ ឯកឧត្តម Datuk Wira Dr. Mohd Hatta bin Md Ramli ចូលជួបសម្តែងការគួរសមនៅវិមានព្រឹទ្ធសភា។ យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា នៅក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការស្វាគមន៍ចំពោះប្រតិភូរបស់សហព័ន្ធសភាសន្តិភាពពិភពលោកដែលអញ្ជើញមកបំពេញបេសកកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានចាត់ទុកវត្តមានរបស់ប្រតិភូសហព័ន្ធសភាសន្តិភាពពិភពលោកមកកាន់កម្ពុជានៅពេលនេះ នឹងធ្វើឱ្យទំនាក់ទំនងរវាងសហព័ន្ធសភាសន្តិភាពពិភពលោក ជាមួយនឹងស្ថាប័ននីតិប្បញ្ញត្តិនៅក្នុងព្រះរាជាណាចក្រកម្ពុជា និយាយជារួមការពង្រឹងទំនាក់ទំនងបន្ថែមទៀតរវាងកម្ពុជាជាមួយនឹងម៉ាឡេស៊ីឱ្យកាន់តែមានភាពល្អប្រសើរ។ នៅក្នុងឱកាសនោះ Mohd Hatta បានសម្តែងការអរគុណចំពោះសម្តេចតេជោដែលបានអនុញ្ញាតឱ្យឯកឧត្តម និងប្រតិភូបានជួបសម្តែងការគួរសមនៅថ្ងៃនេះ ឯកឧត្តមក៏បានលើកឡើងនូវក្តីរីករាយដែលបានជួបសម្តេចតេជោសារជាថ្មី ហើយបានសរសើរអំពីភាពជាអ្នកដឹកនាំរបស់សម្តេចតេជោ ដែលកន្លងទៅបានដឹកនាំប្រទេសកម្ពុជាឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។ ឯកឧត្តម និងប្រតិភូគឺរីករាយ និងរង់ចាំស្តាប់នូវការចែករំលែកបទពិសោធន៍ប្រកបដោយគតិបណ្ឌិតពីសម្តេចតេជោ ដែលមានបទពិសោធន៍ដ៏ច្រើននៅក្នុងអាជីពជាអ្នកនយោបាយ ជាអ្នកដឹកនាំ នាពេលកន្លងមក។ សម្តេចតេជោក៏បានលើកឡើងដោយបានចែករំលែកអំពីស្ថានភាពរបស់ប្រទេសកម្ពុជាកាលពីអតីតកាល…