សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា៖ វិធានការគ្រប់ជ្រុងជ្រោយ ជួយសម្រួលដល់បងប្អូនដែលវិលត្រឡប់មកស្រុកកំណើតវិញ ដើម្បីរកការងារធ្វើឬបង្កើតមុខរបរថ្មី

មុននេះនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញសារទាក់ទងដល់ពលករខ្មែរនៅក្នុងប្រទេសថៃ។ នេះជាវិធានការគ្រប់ជ្រុងជ្រោយ ដែលជួយសម្រួលដល់បងប្អូនដែលវិលត្រឡប់មកស្រុកកំណើតវិញ ដើម្បីរកការងារធ្វើឬបង្កើតមុខរបរថ្មី។ បងប្អូនខ្លះបានចោទសួរថាមានបងប្អូននៅថៃ៣០ឆ្នាំ ហើយចង់មករស់នៅមើលម្តាយដែលមានអាយុ៨០ឆ្នាំ តែគាត់ពុំមានឯកសារ។ ខ្ញុំអាចឆ្លើយបានថា អ្នកណាក៏ដោយឲ្យតែជាខ្មែរទោះមាន ឬគ្មានឯកសាររាជរដ្ឋាភិបាលទទួលយកបានទាំងអស់ដោយគ្មានការរើសអើង។ សូមបងប្អូនពលករវិលត្រឡប់មកមាតុភូមិវិញមុនពេលអាជ្ញាធរថៃបណ្តេញចេញ និងការប្រមាថ។ ខ្ញុំនិយាយបែបនេះ ព្រោះខ្ញុំយល់ច្បាស់ថាជម្លោះព្រំដែនកម្ពុជា-ថៃ នឹងអូសបន្លាយពេលយូរ ពិសេសនៅពេលកម្ពុជាដាក់ពាក្យប្តឹងទៅកាន់តុលាការយុត្តិធម៍អន្តរជាតិ ICJ ពេលនោះពួកជ្រុលនិយមថៃ និងយោធាថៃមួយចំនួន នឹងរករឿងធ្វើបាបបងប្អូន។ នេះជារឿងពិតដែលបាននិងកំពុងកើតឡើង និងត្រូវតែកើតឡើងដោយមិនរួច។ ខ្ញុំសូមជូនភ្ជាប់នូវសាររបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីបងប្អូនបានជ្រាប។ នេះជាសារនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ ក្នុងករណីមានការវិលត្រឡប់ក្នុងទ្រង់ទ្រាយធំដោយមូលហេតុណាមួយ របស់បងប្អូនពលករខ្មែរយើងពីប្រទេសថៃ រាជរដ្ឋាភិបាលបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការសម្របសម្រួលដោះស្រាយ ÷ ក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរដ្ឋបាលខេត្តជាប់ព្រំដែនថៃទាំង៧ ត្រៀមសម្របសម្រួលការឆ្លងកាត់ព្រំដែន ការស្នាក់នៅបណ្ដោះអាសន្ន ការហូបចុក និងថែទាំព្យាបាលសុខភាពបឋម ជូនបងប្អូននៅតំបន់ព្រំដែន។ ក្រសួងការពារជាតិ កងទ័ពជើងគោក សាលារាជធានីភ្នំពេញ ត្រៀមរថយន្ត ដើម្បីដឹកជញ្ជូនបងប្អូនពីព្រំដែន ត្រឡប់ទៅស្រុកកំណើត។ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រៀមជួយស្វែងរកការងារក្នុងប្រទេសជូនបងប្អូនដែលត្រលប់មកវិញ ដោយបច្ចុប្បន្ននៅក្នុងប្រទេសយើងនៅខ្វះកម្លាំងពលកម្មជាមធ្យមរាប់មុឺននាក់។ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងស្ថាប័នពាក់ព័ន្ធ…

កម្ពុជាស្នើសុំឲ្យបណ្តារដ្ឋដែលគោរពច្បាប់ លើកទឹកចិត្តភាគីថៃ ដំណើរការក្តីតាមផ្លូវតុលាការយុត្តិធម៌អន្តរជាតិ ICJ លើសំណុំរឿងព្រំដែនជាមួយកម្ពុជា

បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! មិត្តភក្តិបរទេសជាទីរាប់អាន! មកដល់ពេលនេះបងប្អូនជនរួមជាតិ និងមិត្តភក្តិបរទេសប្រហែលជាអាចយល់បានហើយថា ហេតុអ្វីបានជាខ្ញុំសម្រេចចេញបញ្ជាឲ្យក្រសួងការបរទេស និងតំណាងកម្ពុជាយើងដែលចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ បោះឆ្នោតប្រឆាំងរុស្សុី ដែលវាយចូលប្រទេសអ៊ុយក្រែនកាលពីឆ្នាំ២០២២ ដែលធ្វើឲ្យប្រទេសជាច្រើនមានការភ្ញាក់ផ្អើលអំពីឥរិយាបទរបស់កម្ពុជា។ ខ្ញុំគិតថាថ្ងៃណាមួយ ថៃនឹងធ្វើសកម្មភាពដូចកាលពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ទៀតហើយ។ ពេលនេះភាពគឃ្លើនមិនគោរពច្បាប់បានបង្ហាញចេញមកហើយ។ ដូចនេះគេអាចពន្យល់បានហើយអំពីការគិតរបស់ខ្ញុំសម្រាប់ពិភពលោក ដែលគោរពច្បាប់ផង និងសម្រាប់អនាគតកម្ពុជា ជាមួយប្រទេសថៃ ផង។ កម្ពុជាអំពាវនាវដល់បណ្តារដ្ឋដែលអនុវត្តនយោបាយការបរទេសផ្អែកលើច្បាប់ លើកទឹកចិត្តដល់ភាគីទាំងពីរដោះស្រាយបញ្ហាដោយសន្តិវិធី និងគោរពតាមច្បាប់។ សំណូមពររបស់កម្ពុជា គឺស្នើសុំឲ្យបណ្តារដ្ឋ ដែលគោរពច្បាប់ លើកទឹកចិត្តភាគីថៃ ដំណើរការក្តីតាមផ្លូវតុលាការយុត្តិធម៌អន្តរជាតិ ICJ លើសំណុំរឿងព្រំដែនជាមួយកម្ពុជាលើ៤ចំណុច៖ ទី១ តំបន់មុំបីនៃព្រំដែនកម្ពុជា-ឡាវ-ថៃ ទី២ ប្រាសាទតាមាន់ធំ ទី៣ ប្រាសាទតាមាន់តូច និង ទី៤ ប្រាសាទតាក្របី។ កម្ពុជាមិនស្នើសុំអាវុធ-គ្រាប់ ដើម្បីវាយប្រយុទ្ធបង្ហូរឈាមគ្នារវាងកម្ពុជានិងថៃនោះទេ តែកម្ពុជាស្នើសុំឲ្យលើកទឹកចិត្តដោះស្រាយដោយសន្តិវិធីតាមរយៈការចរចា តាមយន្តការទ្វេភាគីផង និងតាមផ្លូវតុលាការផង។ ព្រំដែនកម្ពុជា-ថៃមានប្រវែងជាង៨០០គីឡូម៉ែត្រ កម្ពុជាលើកតែ៤ចំណុច ដែលជាចំណុចក្តៅ​ និងរសើប ដែលងាយនឹងផ្ទុះអាវុធវាយប្រហារគ្នាប្តឹងទៅតុលាការដោះស្រាយជាមុន។ ៤ចំណុចដូចបានរៀបរាប់ខាងលើ មិនអាចរកការស្រុះស្រួលគ្នាតាមយន្តការទ្វេភាគីបានឡើយ សូម្បីតែ១០០ឆ្នាំទៀតក៏មិនអាចដោះស្រាយបានដែរ។ ដូចនេះមានតែតុលាការយុត្តិធម៌អន្តរជាតិ ICJ ប៉ុណ្ណោះ ទើបអាចដោះស្រាយបាន។ ការដោះស្រាយតាមផ្លូវតុលាការមិនមែនជាការបង្កហេតុបង្កសង្រ្គាមនោះឡើយ…

ក្នុងករណីភាគីថៃមិនព្រមបើកច្រកព្រំដែន​ដែល​ខ្លួនបិទជាឯកតោភាគី កម្ពុជាត្រូវអនុវត្តវិធានការ ៦ចំណុច

យប់ម៉ិញ ខ្ញុំបានចេញសារមួយហើយ។ ព្រឹកនេះ ខ្ញុំនិយាយក្នុងនាមប្រធានបក្សកាន់អំណាចទៅកាន់រាជរដ្ឋាភិបាលបន្ថែមទៀត។ ក្នុងករណីភាគីថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគី កម្ពុជាត្រូវធ្វើ៖ ប្រកាសបិទច្រក និងឈប់ទិញទំនិញថៃមកប្រើប្រាស់ក្នុងទីផ្សារកម្ពុជា។ មានន័យថា ឈប់ប្រើទំនិញថៃ ជំនួសដោយការប្រើទំនិញក្នុងស្រុក និងទំនិញមកពីប្រទេសផ្សេងក្រៅពីថៃ។ ត្រៀមទិញទំនិញដែលភាគច្រើនជាកសិផលរបស់ប្រជាជនដែលធ្លាប់លក់ឲ្យថៃ ដោយខិតខំរកទីផ្សាជូនប្រជាជនទាំងក្នុងស្រុកនិងក្រៅស្រុក។ បង្វែរអ្នកជម្ងឺដែលធ្លាប់ទៅព្យាបាលក្នុងប្រទេសថៃ មករកមន្ទីរពេទ្យក្នុងស្រុក ឬទៅប្រទេសផ្សេងវិញ។ ត្រៀមទទួលយក និងដោះស្រាយការងារជូនពលករដែលនឹងវិលត្រឡប់ពីប្រទេសថៃ។ កម្ពុជាកំពុងខ្វះកម្លាំងពលកម្មទាំងក្នុងវិស័យឧស្សាហកម្ម ទាំងក្នុងវិស័យកសិកម្ម និងសំណង់រាប់សិបម៉ឺនកន្លែង។ បងប្អូនពលករ ដែលពេលនេះកំពុងទទួលការមើលងាយនិងប្រមាថយ៉ាងធ្ងន់ធ្ងរនៅតំបន់មួយចំនួន អាចចាកចេញមកកម្ពុជាមុនថៃបណ្តេញ។ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវត្រៀម ២៤ម៉ោងលើ ២៤ម៉ោង ដើម្បីវាយបកការពារខ្លួន ក្នុងករណីមានការឈ្លានពាន។ បណ្តាខេត្តនៅជិតព្រំដែន ត្រូវត្រៀមជម្លៀសប្រជាជនចេញមកកាន់តំបន់មានសុវត្តិភាព និងដោះស្រាយស្បៀងអាហារថ្នាំពេទ្យនិងសំភារៈចាំបាច់ផ្សេងទៀត។បើថៃមិនធ្វើការដោះស្រាយច្រកព្រំដែនឲ្យវិលមករកភាពប្រក្រតីវិញ យើងគ្មានជម្រើសក្រៅពីធ្វើការទាំងអស់នេះទេ។ ខ្ញុំសូមអំពាវបងប្អូនជនរួមជាតិ សូមកុំធ្វើអំពើជ្រុលនិយមដូចជាបាតុកម្មប្រឆាំងស្ថានទូតថៃ ក្រុមហ៊ុនថៃ និងជនជាតិថៃនៅកម្ពុជា និងសូមកុំស្អប់ខ្ពើមប្រកាន់ពូជសាសន៍ ចំពោះជនជាតិថៃ ដែលភាគច្រើនលើសលប់ជាមនុស្សល្អ។ មានតែក្រុមជ្រុលនិយម និងយោធាមួយចំនួនប៉ុណ្ណោះ ដែលបង្ករឿងជាមួយកម្ពុជា ព្រោះជាទម្លាប់រដ្ឋាភិបាលថៃ មិនអាចគ្រប់គ្រងកងទ័ពបានដូចប្រទេសយើងនោះទេ៕