សេចក្តីថ្លែងការណ៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សជាជនកម្ពុជា ក្នុងឱកាសបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ និងរំឭកខួបលើកទី ៧២ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា
– សូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ – បងប្អូនជនរួមជាតិ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា យុវជន យុវនារីទាំងអស់ជាទីស្នេហា ! ថ្ងៃនេះ គឺជាទិវាដ៏មហានក្ខត្តឫក្សនៃការចាប់ផ្តើមបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅទូទាំងប្រទេស ដែលជាព្រឹត្តិការណ៍នយោបាយជាប្រវត្តិសាស្ត្រមួយដ៏មានសារៈសំខាន់សម្រាប់ព្រះរាជាណាចក្រកម្ពុជា។ ព្រឹត្តិការណ៍ដ៏ធំនេះ ក៏ប្រព្រឹត្តទៅព្រមជាមួយនឹងការអបអរសាទរយ៉ាងក្លៀវក្លា ខួបលើកទី៧២ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដែលនៅគ្រាដំបូងមានឈ្មោះថា បក្សប្រជាជនបដិវត្តន៍ខ្មែរ ដែលមានប្រភពពីចលនាតស៊ូរបស់ប្រជាជនប្រឆាំងពួកឤណានិគមនិយមដើម្បីឯករាជ្យជាតិ ហើយបានពុះពារឆ្លងកាត់បណ្តាដំណាក់កាលជាច្រើននៃប្រវត្តិសាស្ត្រកម្ពុជាប្រកបដោយវីរភាពបំផុត។ ក្នុងនាមគណៈកម្មាធិការកណ្តាល ខ្ញុំព្រះករុណា ខ្ញុំ សូមសម្តែងការគោរពដឹងគុណយ៉ាងជ្រាលជ្រៅជូនបងប្អូន ជនរួមជាតិនៅគ្រប់ទិសទី ដែលតែងតែផ្តល់យុត្តិធម៌ ជំនឿ និងការគាំទ្រ ចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ធ្វើឱ្យគណបក្សមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន ប្រកបដោយជោគជ័យក្នុងរយៈពេលជាង ៤៤ឆ្នាំកន្លងទៅនេះ។ នៅក្នុងឱកាសដ៏វិសេសវិសាលនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមសម្តែងគារវភក្តីភាព និងកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុត ថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលកំពុងគង់ប្រថាប់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ និងជាម្លប់ដ៏ត្រជាក់សុខក្សេមក្សាន្ដនៃប្រជាជាតិខ្មែរទាំងមូល។…