សេចក្តីដកស្រង់ប្រសាសន៍ ពិនិត្យការដ្ឋាន និងប្រកាសឈ្មោះអាកាសយានដ្ឋានអន្តរជាតិ តេជោក្រុងតាខ្មៅ
អាកាសយានដ្ឋានអន្តរជាតិ “តេជោក្រុងតាខ្មៅ” ថ្ងៃនេះ ជាលើកទី ២ ខ្ញុំមកត្រួតពិនិត្យទៅលើការសាងសង់ព្រលានយន្តហោះថ្មី ដែលឥឡូវនេះ គឺប្រសិទ្ធនាម ថា “អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ”។ កាលមកពីលើកមុន យើងទើបនឹងសម្រេចបាន ៥% ឥឡូវនេះ ឈានដល់សម្រេចរហូតទៅ ២៧% ក្នុងរយៈ(ពេល)ត្រឹមជាង ១ ឆ្នាំបន្ដិច។ ដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិមួយធំនេះ ក៏បានទទួលនូវការគាំទ្រ (និង)ការខិតខំជួយដោះស្រាយពីសំណាក់ឯកឧត្ដម ជា សុផារ៉ា ដែលទទួលបន្ទុកនៅក្នុងការជួយតម្រង់ទិស និងដោះស្រាយបញ្ហាលំបាកនានា។ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ ក៏បានជួយយ៉ាងច្រើនលើការសម្របសម្រួលទាំងឡាយ ដើម្បីឲ្យដំណើរការសាងសង់នេះបានឆាប់ និងទៅតាមផែនការរបស់យើង។ ខ្ញុំក៏សុំកោតសរសើរជាមួយនឹងការខិតខំទាំងអស់ ដែលក្រុមហ៊ុន ក៏ដូចជា អាជ្ញាធរ ពិសេស គឺខេត្តកណ្ដាល/តាកែវ បានប្រឹងប្រែង ដើម្បីជួយសម្រួលបញ្ហានានា សម្រាប់ឲ្យក្រុមហ៊ុនបានដំណើរការការសាងសង់។ កោតសរសើរ ចំពោះការខិតខំរបស់ក្រុមហ៊ុនផ្ទាល់ ជាមួយនឹងបណ្ដាវិស្វករ អ្នកឯកទេស (ក៏ដូចជា)កម្មករ/ការិនីរបស់យើង ដែលបានចូលរួមធ្វើការងារ … នៅទីនេះ ដល់ទៅ ៣ ៧៤០ នាក់ ដែលក្នុងនោះ កម្មករ/ការិនី…