សុន្ទរកថា ក្នុងពិធីប្រគល់-ទទួលអំណោយដ៏ថ្លៃថ្លា វ៉ាក់សាំងកូវីដ-១៩ (AstraZereca) ពីប្រជាជន និងរដ្ឋាភិបាល នៃសាធារណរដ្ឋប៉ូឡូញ ជូនប្រជាជន និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
លោកជំទាវ ម៉ារៀ ឌែល ខាមិន ម៉ូរ៉េណូ (Maria del Carrer Morero) ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព នៃសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលជា តំណាងដ៏ខ្ពង់ខ្ពស់-នៃសាធារណរដ្ឋប៉ូឡូញ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី! ជាបឋម ខ្ញុំសូមថ្លែងអំណរគុណចំពោះ លោកជំទាវឯកអគ្គរដ្ឋទូត ម៉ារៀ ឌែល ខាមិន ម៉ូ រ៉េណូ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងចូលរួមជាតំណាងដ៏ខ្ពង់ខ្ពស់នៃសាធារណរដ្ឋប៉ូឡូញប្រចាំកម្ពុជា នាឱកាសនេះ។ ខ្ញុំពិតជាមានសេចក្តីសោមនស្សក្រៃលែង ដោយបានចូលរួមជាមួយ លោកជំទាវឯកអគ្គរដ្ឋទូត ដើម្បីទទួលយកវ៉ាក់សាំងកូវីដ-១៩ AstraZeneca ចំនួន ៣០០ ០០០ (បីសែន) ដូស ដែលជាជំនួយដ៏ថ្លៃថ្លារបស់ប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋ ប៉ូឡូញ។ កម្ពុជាចាត់ទុកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាអាទិភាពយុទ្ធសាស្ត្រ និងវាយតម្លៃ ខ្ពស់ចំពោះការជួយចែករំលែកវ៉ាក់សាំងគ្នាទៅវិញទៅមក និងជាហូរហែ ក្នុងគោលដៅពន្លឿន ការចាក់វ៉ាក់សាំងនៅទូទាំងសកលលោក។ ក្នុងស្មារតីនេះ ខ្ញុំតែងតែចំណាយពេលចូលរួមទទួលជំនួយវ៉ាក់សាំងកូវីដ-១៩ ដោយផ្ទាល់ ដើម្បីសំដែងនូវការអរគុណ…