សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគី ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរ និងជម្រាបលា
នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃពុធ ៦រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរ និងជម្រាបលា បន្ទាប់ពីលោកជំទាវបានបញ្ចប់អាណត្តិបេសកកម្មនៅកម្ពុជា។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយក្នុងពេលដែលសម្ដេចបានជួបលោកជំទាវជាថ្មី បើទោះបីជាពេលនេះលោកជំទាវត្រូវផុតផុតអាណត្តិបំពេញបេសកកម្មជាឯកអគ្គរដ្ឋទូតនៅក្នុងព្រះរាជាណាចក្រកម្ពុជាក្តី។ សម្ដេចតេជោបានកោតសរសើរចំពោះលោកជំទាវក្នុងរយៈពេលនៃបេសកកម្មរបស់លោកជំទាវជាឯកអគ្គរដ្ឋទូតគឺលោកជំទាវសម្រេចបានសមិទ្ធផលជាច្រើនសម្រាប់ទំនាក់ទំនងរវាងកម្ពុជានិងតួកគីដែលមកដល់ពីនេះប្រទេសទាំងពីរកំពុងតែមានទំនាក់ទំនងដ៏ល្អនិងរីកចម្រើនជាបន្តបន្ទាប់។ នៅក្នុងឱកាសនោះលោកជំទាវ Ülkü Kocaefe បានសម្ដែងនូវការអរគុណដែលសម្ដេចតេជោបានអនុញ្ញាតឱ្យលោកជំទាវនិងសហការីបានជួបជម្រាបលានៅក្នុងឱកាសនេះ។ លោកជំទាវបានរាយការណ៍នូវការងាររបស់លោកជំទាវនៅពេលកន្លង ជូនចំពោះសម្ដេចតេជោ ដោយលោកជំទាវបានលើកឡើងអំពីសមិទ្ធផលសំខាន់ៗក្នុងអាណត្តិរបស់លោកជំទាវសម្រាប់ការពង្រីកនូវទំនាក់ទំនងរវាងកម្ពុជានិងតួកគី នោះគឺសមិទ្ធផលមានដូចជានៅក្នុងអាណត្តិការងាររបស់លោកជំទាវបានបង្កើតនូវការិយាល័យតួកគីនៅកម្ពុជា និងសមិទ្ធផលដ៏សំខាន់ដែលទើបតែសម្រេចបាននៅចុងឆ្នាំ ២០២៥ នោះគឺការបង្កើតនូវជើងហោះហើរតួកគីមកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលជាផ្នែកដ៏សំខាន់ក្នុងការពង្រីកនូវទំនាក់ទំនងរវាងកម្ពុជានិងតួកគីឱ្យកាន់តែរីកចម្រើនទាំងនៅក្នុងក្របខ័ណ្ឌពាណិជ្ជកម្មនិងផ្សារភ្ជាប់រវាងប្រជាជននិងប្រជាជន។ លោកជំទាវបានសម្ដែងនូវការជាប់ចិត្តរបស់លោកជំទាវចំពោះប្រជាជនកម្ពុជាជាពិសេសគឺស្នាមញញឹមរបស់ប្រជាជនកម្ពុជាដែលមិនអាចធ្វើឱ្យលោកជំទាវបំភ្លេចបានឡើយ។ លោកជំទាវក៏បានលើកឡើងថា បើទោះបីជាពេលនេះលោកជំទាវផុតអាណត្តិការងារឈប់ធ្វើជាឯករដ្ឋទូតប្រចាំនៅប្រទេសកម្ពុជាក៏ពិតមែន ក៏ប៉ុន្តែលោកជំទាវនៅតែជាមិត្តរបស់កម្ពុជាអស់មួយជីវិត នេះជាសារដែលបង្ហាញពីការពេញចិត្តចំពោះប្រទេសកម្ពុជាពីសំណាក់លោកជំទាវឯកអគ្គរដ្ឋទូត។ សម្ដេចតេជោបានសម្ដែងនូវក្តីពេញចិត្តយ៉ាងក្រៃលែងចំពោះពាក្យពេចន៍ដ៏មានអត្ថន័យរបស់លោកជំទាវចំពោះការពេញចិត្តប្រជាជនកម្ពុជាក៏ដូចជាជាប្រទេសកម្ពុជា។…

