ការដកស្រង់សេចក្តីអធិប្បាយ ពិសាបាយសាមគ្គីជាមួយកីឡាករ/ការិនី
សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា! លើកពេលជួបមុនការកំណត់ ដោយជាប់ដឹកនាំការប្រជុំកំពូលគណៈកម្មការអន្តរជាតិទន្លេមេគង្គ ថ្ងៃនេះ ដូចដែលយើងនិយាយគ្នាកាលពីឆ្នាំទៅ យើងនឹងជួបគ្នាជាប្រចាំ ប៉ុន្តែ គ្រាន់តែមានការលើកពេល តែប៉ុណ្ណោះ។ ជារៀងរាល់ឆ្នាំយើងកំណត់គ្នាថា យកថ្ងៃ(ទី) ០៤ មេសា ដែលជាថ្ងៃខួបកំណើតរបស់ខ្ញុំ សម្រាប់ការជួបជុំគ្នារបស់យើង ប៉ុន្តែដោយថ្ងៃ(ទី) ០៤ មេសា ខ្ញុំត្រូវទៅចូលរួមដឹកនាំការប្រជុំកំពូលគណៈ កម្មការអន្តរជាតិទន្លេមេគង្គនៅឯខេត្តសៀមរាប ដូច្នេះ បានជាយើងត្រូវជួបជុំគ្នានៅថ្ងៃទី ០៣ មេសា នេះ។ អរគុណអ្នកពាក់ព័ន្ធទាំងឡាយ ចំពោះសកម្មភាពក្នុងរយៈពេលមួយឆ្នាំកន្លង ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមយកឱកាសនេះ ថ្លែងជូននូវការកោតសរសើរ ចំពោះ គណៈកម្មាធិការអូឡាំពិកកម្ពុជា ក៏ដូចជា ក្រសួងអប់រំ យុវជន និងកីឡា ដែលបានខិតខំរៀបចំនូវដំណើរ ការកីឡាក្នុងរយៈពេលមួយឆ្នាំកន្លងផុតទៅនេះ ហើយក៏បានខិតខំរួមគ្នា ដើម្បីអោយមានជំនួបរបស់យើង ទៅតាមការគ្រោងទុក។ ខ្ញុំក៏សូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរចំពោះគ្រប់សហព័ន្ធកីឡាទាំងអស់ ដែលបានខិតខំក្នុងរយៈពេលមួយឆ្នាំកន្លងផុតទៅ ទោះបីមានការប្រកួត ឬមិនប្រកួត តែខ្ញុំបានដឹងថា កីឡាករ/ការិនីទាំងអស់ សុទ្ធតែបានប្រឹងប្រែងហ្វឹកហាត់ទៅតាមជំនាញរៀងៗខ្លួន។…