FN ៖ ខណៈកំពុងមានវត្តមាននៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរំលឹកប្រាប់ទៅកាន់សហរដ្ឋអាមេរិកវិញថា បើសិនជាអាមេរិកបើកទិដ្ឋការជូនដល់មន្រ្តីកម្ពុជាដូចដើមឡើងវិញនោះ ការបន្តរុករកអដ្ឋិធាតុទាហានអាមេរិកដែលបាត់ខ្លួននៅកម្ពុជាសម័យសង្រ្គាម នឹងបន្តឡើងវិញដូចការអនុវត្តកន្លងមក។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេច បានទទួលជួបពិភាក្សាការងារជាមួយលោក អាឡេកសាន់ឌ័រ ហ្វេលមែន (Alexander Feldman) ប្រធាន និងជានាយកប្រតិបត្តិ ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ដែលកិច្ចពិភាក្សានោះ បានផ្តល់ផលវិជ្ជមានយ៉ាងខ្លាំងដល់ទំនាក់ទំនងវិនិយោគិនអាមេរិក និងកម្ពុជា។
ក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ប្រសិនបើសហរដ្ឋអាមេរិក បើកទិដ្ឋការជូនដល់មន្រ្តីកម្ពុជាដូចដើមឡើងវិញនោះការបន្តរុករកអដ្ឋិធាតុទាហានបាត់ខ្លួនអាមេរិក នឹងបន្តឡើងវិញដូចអ្វីដែលយើងធ្លាប់បានអនុវត្តរួមគ្នាកាលពីពេលមុន។
កិច្ចសហប្រតិបត្តិការរុករកអដ្ឋិធាតុទាហានអាមេរិកនៅកម្ពុជា ត្រូវបានប្រកាសផ្អាកជាបណ្តោះអាសន្ន ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៧មក បន្ទាប់ពីសហរដ្ឋអាមេរិក បានផ្អាកការផ្តល់ទិដ្ឋាការ (Visa) ប្រភេទ B1 និង B2 (ប្រភេទទេសចរណ៍ និងជំនួញ) ដល់មន្រ្តីក្រសួងការបរទេសកម្ពុជា ចាប់តាំងពីថ្នាក់អគ្គនាយករហូតដល់ថ្នាក់កំពូល។
ការប្រឈមមុខដាក់គ្នាក្នុងវិស័យការទូតរវាងកម្ពុជា-អាមេរិក ចាប់ផ្តើមតឹងតែងជាងមុន។ ជាមួយគ្នានេះ សហរដ្ឋអាមេរិកក៏បានបន្តរឹតត្បិតទិដ្ឋាការបន្ថែមទៀត ដល់មន្រ្តីកម្ពុជាណា ដែលពួកគេយល់ថា ធ្វើឱ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យរបស់កម្ពុជាផងដែរ។
គិតរហូតមកដល់ពេលនេះ កិច្ចសហប្រតិបត្តិការរុករកអដ្ឋិធាតុទាហានអាមេរិកនៅកម្ពុជា ត្រូវបានប្រកាសផ្អាកជាបណ្តោះអាសន្នរយៈពេលជាង១ឆ្នាំមកហើយ ខណៈដែលអដ្ឋិធាតុរបស់ទាហានអាមេរិក ដែលបាត់បង់ជីវិតនៅលើដីកម្ពុជាទាំងអស់មានប្រមាណ ៨០នាក់ ហើយបច្ចុប្បន្នរកឃើញ ៤០នាក់ប៉ុណ្ណោះ៕