សុន្ទរកថា និងសេចក្ដីអធិប្បាយ សម្តេចតេជោ ថ្លែងក្នុងឱកាសសម្ពោធជាផ្លូវការ សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន
ឯកឧត្តម លោកជំទាវ លោក លោកស្រី ! ថ្ងៃនេះ ខ្ញុំមានសេចក្ដីរីករាយដោយបានចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលជាប្រវត្តិសាស្ត្រ ដំបូងបង្អស់ ដែលកម្ពុជាមានសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័នដែលហៅកាត់ថា សារមន្ទីរ ស.ស.រ នាពេលនេះ។ ខ្ញុំសូមវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះធនាគារជាតិ នៃកម្ពុជា ជាពិសេសឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ដែលបានខិតខំប្រឹងប្រែងរួមគ្នាកសាងសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ តាមការណែនាំរបស់ខ្ញុំ ក្នុងគោលបំណងប្រមែប្រមូលចងក្រងរាល់ឯកសារ និងវត្ថុតាងនានា ដែលពាក់ព័ន្ធប្រវត្តិសេដ្ឋកិច្ច និងរូបិយវត្ថុជាតិ ដែលបានកប់ជ្រៅក្នុងប្រវត្តិសាស្ត្រជាយូរលង់ណាស់មកហើយ សម្រាប់បង្ហាញជូន សាធារណជនជាតិ និងអន្តរជាតិ។ ពិសេស ដើម្បីឱ្យយុវជនជំនាន់ក្រោយបានសិក្សាស្រាវជ្រាវលើបញ្ហាសេដ្ឋកិច្ច និងរូបិយវត្ថុជាតិ ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងអធិបតេយ្យជាតិយើងពីជំនាន់មួយទៅជំនាន់មួយ រហូតដល់បច្ចុប្បន្ននេះ។ ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមស្ថាបនិក ដឹកនាំដោយ លោក ហ្សង់ ដានីញែល ហ្គារឌែរ (Jean Daniel Gadere) ទីប្រឹក្សាធនាគារជាតិនៃកម្ពុជា ក្រុមអ្នកស្រាវជ្រាវបុរាណវិទ្យា ផ្នែករូបិយវត្ថុ ទាំងថ្នាក់ជាតិ និងអន្តរជាតិ អ្នករក្សាទុកកាសបុរាណ និងភាគីពាក់ព័ន្ធនានា ដែលបានរួមចំណែកធ្វើឱ្យសារមន្ទីរ លេចចេញជារូបរាង…