FN ៖ ក្នុងពិធីបើកកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល ដែលធ្វើឡើងនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា រួមជាមួយឥស្សរជនជាន់ខ្ពស់មកពីបណ្តាប្រទេសជាច្រើនលើពិភពលោក បានឡើងថ្លែងសុន្ទរកថាគន្លឹះលើមូលបទ «សន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស»។
សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាឥស្សរជនថ្នាក់ពិភពលោកដទៃទៀត សុទ្ធតែបានគូសបញ្ជាក់ពីសារៈសំខាន់ និងគុណតម្លៃនៃសុខសន្តិភាព ការរក្សាសន្តិសុខ និងការអភិវឌ្ឍធនធានមនុស្ស។ តែក៏បានលើកបង្ហាញនូវបញ្ហាប្រឈមមួយចំនួនទៅលើបញ្ហាសន្តិភាព សន្តិសុខ និងការអភិវឌ្ឍន៍ធនធានមនុស្សនេះផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងគូសបញ្ជាក់ថា សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ។ ប៉ុន្តែសន្តិភាពសកលនាពេលបច្ចុប្បន្ននៅមានភាពផុយស្រួយ ដោយសារការវិវត្តទៅរកក្របខណ្ឌពហុប៉ូល, ការប្រកួតប្រជែងផលប្រយោជន៍ និងការកែតម្រូវតុល្យភាព នៃអំណាចសកល។
សម្តេចតេជោ បន្តថា ពិភពលោកបច្ចុប្បន្នកំពុងប្រឈមនឹងសង្គ្រាមពាណិជ្ជកម្មដ៏ស្រួចស្រាល និងអាចអូសបន្លាយរយៈពេលវែង ដែលបង្កើតជាហានិភ័យសេដ្ឋកិច្ច, បង្កផលប៉ះពាល់ជាអវិជ្ជមានដល់កំណើនសេដ្ឋកិច្ចសកលក្នុងរយៈពេលមធ្យម និងការអភិវឌ្ឍនៃសង្គមសេដ្ឋកិចជារួម។
សម្តេចតេជោ ក៏បានកត់សម្គាល់ផងដែរថា ការប្រែប្រួលអាកាសធាតុប៉ុន្មានឆ្នាំចុងក្រោយនេះ បានវិវត្តទៅជាហានិភ័យ ដែលគំរាមកំហែងដល់ការអភិវឌ្ឍ និងសន្តិសុខរបស់មនុស្សជាតិ។ ការកើនឡើងកំដៅភពផែនដី, កំណើនជាលំដាប់នូវកម្ពស់ទឹកសមុទ្រ, ការបាត់បង់ជីវៈចម្រុះ និងធនធានធម្មជាតិ, គ្រោះធម្មជាតិកាន់តែធំ និងញឹកញាប់ ព្រមទាំងការរាំងស្ងួតជាបន្តបន្ទាប់នូវប្រភពទឹកសំខាន់ៗ នឹងក្លាយជាប្រធានបទ ដែលប្រទេសជាច្រើនបាននិងកំពុងជជែកដ៏ក្តៅគគុក និងមានទំនោរក្លាយជាមូលហេតុនៃជម្លោះរវាងប្រទេស និងប្រទេសនាពេលអនាគត។
ក្នុងនាមជាថ្នាក់ដឹកនាំប្រទេសកម្ពុជា ដែលបានឆ្លងកាត់សង្គ្រាមផ្ទាល់ និងបានខិតខំប្រឹងប្រែងស្វះស្វែងរកសន្តិភាពសម្រាប់កម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្តល់នូវទស្សនទានថា ការកសាង និងថែរក្សាសន្តិភាពមានតម្លៃដែលមិនអាចកាត់ថ្លៃបាន ហើយសន្តិភាព គឺជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម, ការពង្រឹងសន្តិសុខ និងការអភិវឌ្ឍមនុស្សជាតិ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានដែករំលែកទស្សនៈចំនួន៤នៅក្នុងវេទិកាពិភពលោកដែលបានធ្វើឡើងនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េនេះ ដើម្បីចូលរួមចំណែកពង្រឹងសន្តិភាព, សន្តិសុខ និងការអភិវឌ្ឍមនុស្សជាតិ។ ទស្សនទានទាំង៤នោះ រួមមាន៖
ទី១៖ បន្តលើកកម្ពស់ប្រព័ន្ធពហុភាគីនិយម និងសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើបទប្បញ្ញត្តិ សំដៅបន្តពង្រឹង និងពង្រីកសហប្រតិបត្តិការ ដើម្បីធានាឱ្យបាននូវសន្តិភាព, សន្តិសុខ, សុវត្ថិភាព និងស្ថិរភាពយ៉ាងពេញលេញ តាមរយៈការជំរុញលើកកម្ពស់កិច្ចសន្ទនាជិតស្និទ្ធ, ការកសាងទំនុកចិត្ត ព្រមទាំងការដោះស្រាយបញ្ហាបញ្ហាតំបន់ដោយសន្តិវិធី និងដោយឈរលើគោលការណ៍នៃច្បាប់អន្តរជាតិ។
ទី២៖ ជំរុញវប្បធម៌សន្ទនាអន្តរជំនឿ ដើម្បីកសាងការយល់ដឹងអំពីគ្នាទៅវិញទៅមក, ការគោរពគ្នា, ការជឿទុកចិត្តគ្នា, ការអធ្យាស្រ័យគ្នាទៅវិញទៅមក និងការគោរពឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃកក្នុងរបស់ប្រទេសដទៃ ព្រោះថាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងពីសំណាក់ប្រទេសខាងក្រៅតែងតែនាំមកនូវក្តីវិនាស និងមហន្តរាយដល់ការអភិវឌ្ឍរបស់ប្រទេសនោះ។
ទី៣៖ ពង្រឹងកិច្ចសហប្រតិបត្តិការបន្តជំរុញសាកលភាវូបនីយកម្ម៖ ត្រូវធានាថាយន្តការកិច្ចសហប្រតិបត្តិការថា រក្សាបាននូវស្មារតីបើកចំហ និងគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ជាពិសេសការពនឿនការតភ្ជាប់រវាងសង្គម និងសេដ្ឋកិចរបស់យើងសម្រាប់ជំរុញរបៀបវារៈនៃការអភិវឌ្ឍរបស់ប្រទេសនីមួយៗ និងសម្រេចបាននូវការអភិវឌ្ឍប្របកដោយចីរភាព និងបរិយាប័ន្ន។
ទី៤៖ ជំរុញការអភិវឌ្ឍតាមរយៈអភិក្រមក្នុងការកំណត់កត្តាមនុស្សជាស្នូល (People-centric Approad) ជាពិសេសចំពោះកិច្ចការងារអភិវឌ្ឍន៍ និងពង្រឹងប្រព័ន្ធសុខុមាលភាពសង្គម ដូចជាការពង្រឹងគុណភាពការអប់រំ, ការកែលមួសុខុមាលភាពការរស់នៅ, ការកាត់បន្ថយភាពក្រីក្រ និងការបង្រមគម្លាតនៃការអភិវឌ្ឍឱ្យស្របទៅនឹងការរីកចម្រើនយ៉ាងឆាប់រហ័ស និងឥតឈប់ឈរនៃរចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គម។
សម្តេចតេជោ ហ៊ុន សែន បានសម្តែងក្តីសង្ឃឹមមុតមាំថា កិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០នៅប្រទេសកូរ៉េខាងត្បូង នឹងជំរុញឱ្យមានការពិភាក្សាយ៉ាងផុសផុលទៅលើស្ថានភាព និងបញ្ហាប្រឈម ដែលពិភពលោកកំពុងតែជួបប្រទះក្នុងពេលបច្ចុប្បន្ន។ ជាពិសេសទាក់ទងនឹងសន្តិភាព និងការអភិវឌ្ឍមនុស្សជាតិ ក៏ដូចជាសម្រេចបាននូវដំណោះស្រាយដែលមានលទ្ធភាពក្នុងការចូលរួមចំណែកកសាងពិភពលោកមួយពោរពេញដោយសន្តិភាព៕